ព័ត៌មានជាតិ

បត់គោយន្តមិនប្រយ័ត្ន បណ្ដាលឲ្យអ្នកជិះម៉ូតូ៣នាក់ រងរបួសបាក់ជើង

បាត់ដំបង : មនុស្ស៣នាក់ រងរបួសបាក់ជើង២នាក់ ខណ:កំពុងជិះម៉ូតូធម្មតា ស្រាប់តែគោយន្តដែលបើកស្របទិសនៅខាងមុខ បត់ចូលផ្ទះគ្មានផ្តល់សញ្ញាអ្វីបន្តិចទាល់តែសោះ ទើបធ្វើឲ្យភាគីខាងម៉ូតូគេចធ្លាក់ប្រលាយតែម្តង។

ករណីនេះ កើតឡើងកាលពីម៉ោងជាង៦ល្ងាច ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ59 ចន្លោះបង្គោលគីឡូម៉ែត្រ លេខ83 និង84 ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ឲ្យដឹងថា នៅមុនពេលកើតហេតុគឺមាន ម៉ូតូមួយគ្រឿងម៉ាកឌ្រឹម សេរីឆ្នាំ 2013 ពាក់ស្លាកលេខ បាត់ដំបង 1O-0089 បើកកបរដោយឈ្មោះ ផុន ដាវីដ អាយុ២១ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ដែលពួកគេជិះគ្នា៣នាក់ ក្នុងល្បឿនមួយយ៉ាងលឿន ។

របាយការណ៍ បានបន្តថា នៅក្នុងខណ:ពេលដែលម៉ូតូកំពុងធ្វើដំណើរ ក៏ស្រាប់តែមានគោយន្តមួយគ្រឿងបានធ្វើដំណើរក្នុងទិសដៅច្រាស់គ្នាបានបត់កាត់ពីមុខដើម្បីចូលផ្ទះ ទើបធ្វើ ឲ្យអ្នកបើកបរម៉ូតូខំប្រឹងបួងចង្កូតគេចពីឧបសគ្គ ហើយក៏បានធ្លាក់ចូលទៅក្នុងប្រលាយដែលគ្មានទឹក ធ្វើឲ្យពួកគេរងរបួសទាំង៣នាក់យ៉ាងដំណំ។

របាយការណ៍ បន្ដទៀតថា អ្នកបើកបរម៉ូតូរបួសស្រាល អ្នករួមដំណើរ ឈ្មោះផុន សុធា អាយុ២៤ឆ្នាំ របួសបាក់ជើងឆ្វេង និងឈ្មោះ ហួរ សីហា អាយុ១៩ឆ្នាំ របួសបាក់ជើង ឆ្វេង ដូចគ្នា ដែលអ្នកទាំងអស់ រស់នៅ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។ ភាគីអ្នកបើកបរគោយន្ត ឈ្មោះ សែន ផា អាយុ២១ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ចំណែកមធ្យោបាយបង្កហេតុ សមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

image1 image2

មតិយោបល់