ភ្នំពេញៈ គិតមកត្រឹមថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០១៦ មានក្រុមហ៊ុនជប៉ុនចំនួន២៣២ក្រុមហ៊ុន ដែលបានចុះបញ្ជីជាផ្លូវការ ដើម្បីធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ហើយស្ថានទូតជប៉ុនប្រចាំកម្ពុជា សន្យាបន្តជំរុញអ្នកវិនិយោគទុនជប៉ុនឲ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀតលើវិស័យកសិកម្មនាពេលអនាគត។
លោក ហូរីណូឈិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតជីធម្មជាតិជប៉ុនសញ្ញាផែនដីរបស់ក្រុមហ៊ុន ណាងអូគូកម្ពុជា-ជប៉ុននាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ។
លោកឯកអគ្គរដ្ឋទូតជប៉ុនបានបន្តថា កម្ពុជាកំពុងតែមានកំណើនសេដ្ឋកិច្ចខ្ពស់ប្រចាំឆ្នាំក្នុងរង្វង់៧ភាគរយ ដែលកំណើននេះ បានមកពីវិស័យនានាមួយចំនួនក្នុងនោះក៏មានវិស័យកសិកម្មមួយផងដែរ វិស័យនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាវិស័យអាទិ៍ភាពខ្ពស់ហើយថា ដើម្បីធ្វើឲ្យវិស័យមួយនេះ មានការលូតលាស់ប្រកបដោយចីរភាព គឺត្រូវមានការផ្តល់ទៅឲ្យកសិករនូវបច្ចេកទេសក្នុងការដាំដុះ ការថែទាំ និងការបង្កើននូវទិន្នផលដំណាំរបស់ពួកគាត់គឺជារឿងចាំបាច់។
អគ្គនាយករង អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ម៉ាក់ សឿន មានប្រសាសន៍ថា ជីកសិកម្ម គឺជាធាតុផ្សំមួយ ដើម្បីបង្កើននូវបរិមាណផល ដែលនាំឲ្យអគ្គនាយកដ្ឋានកសិកម្មយកចិត្តទុកដាក់ទៅលើបញ្ហាជីកសិកម្មនេះ ដោយយើងមានមន្ទីរពិសោធន៍ និងមានការត្រួតពិនិត្យលក្ខណៈច្បាប់ និងបច្ចេកទេសត្រឹមត្រូវទៅលើជីកសិកម្ម និងថ្នាំពុលកសិកម្ម ដើម្បីសុវត្ថិភាព។
លោកថា នៅកម្ពុជាក្នុង១ឆ្នាំៗ គឺត្រូវការជីកសិកម្មប្រមាណពី៦០ទៅ៧០ម៉ឺនតោន តែចំពោះការប្រើប្រាស់វិញ គឺមិនអស់ដល់ប៉ុណ្ណឹងទេ។ លោក ម៉ាក់ សឿន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរោងចក្រផលិតជីធម្មជាតិ សញ្ញាផែនដីនៅក្នុងប្រទេសកម្ពុជាដែលជាសមិទ្ធផលរួមក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនមកពី ប្រទេសជប៉ុន។
លោក ចាន់ សុឃាំង អគ្គនាយកក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដីបានឲ្យដឹងថា រោងចក្រផលិតជីធម្មជាតិសញ្ញាផែនដី ត្រូវបានសាង់សង់ឡើងនៅជាយរាជធានីភ្នំពេញ ដែលអាចស្រូបកម្លាំងពលកម្មដោយផ្ទាល់ប្រមាណជិត១០០នាក់។ អាចផលិតនូវផលិតផលក្នុងស្រុកបាន គឺជាការកាត់បន្ថយនូវការនាំចូលពីបរទេស ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ហើយរោងចក្រផលិតជីធម្មជាតិជប៉ុននេះមានមហិច្ឆិតាខ្ពស់មិនត្រឹមបម្រើនូវសេចក្តីត្រូវការក្នុងស្រុកប៉ុណ្ណោះទេ គឺមានគម្រោងនាំចេញ ទៅក្រៅប្រទេសថែមទៀតផង៕
មតិយោបល់