ព័ត៌មានជាតិ

តំបន់ព្រៃឡង់ ពោរពេញដោយបទល្មើសព្រៃឈើ ពលរដ្ឋរិះគន់ជំនាញមេព្រៃ មិនខ្ចីបង្ក្រាប

កំពង់ធំ : រហូតមកទល់ពេលនេះ នៅតំបន់ព្រៃឡង់ ដែលដែនព្រៃរបស់រដ្ឋធំជាងគេនោះ គឺ នោះ បាន និងកំពុងនឹងកំពុងទទួលរង ការបំផ្លិចបំផ្លាញ ពីសំណាក់ឈ្មួញទុច្ចរិតយ៉ាងខ្លាំង ដែលធ្វើឲ្យ ប្រជាពលរដ្ឋរិះគន់សមត្ថកិច្ចរដ្ឋបាលព្រៃឈើថា បានយកបទបញ្ជារដ្ឋាភិបាលទៅកប់ចោលយ៉ាងជ្រៅ តាមរយៈបើកដៃឲ្យឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើ នៅតំបន់ព្រៃឡង់នេះ។

ប្រភពរិះគន់ពីប្រជាពលរដ្ឋទាំងនោះ បានបន្តថា ដែនព្រៃរបស់រដ្ឋនៅតំបន់ព្រៃឡង់ គឺមាន តែឈ្មោះ តែប៉ុណ្ណោះ ប៉ុន្តែខាងក្នុងអស់ដើមឈើធំៗរលីងហើយ សូម្បីដើមឈើ (ឆ្បោះ) ដែលជាដើម ឈើ ភាគច្រើនជនជាតិភាគតិច អាស្រ័យ អនុផលនោះ ក៏អស់រលីង ដែរ។

ដោយឡែក លោក ឡង គីសឹង អភិបាលស្រុកសណ្ដាន់ ដែលទើបឡើងកាន់តំណែង ជាង ១ខែនេះ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នតំបន់ព្រៃឡង់ គឺពោរពេញដោយបទល្មើស គឺមានរណាយន្ត ខ្នាតធំ រាប់រយគ្រឿង កាត់ព្រៃឈើ លាន់បំពង់ពេញព្រៃ និងគោយន្តកន្ត្រៃដឹកឈើចូល ចេញ ដូច គេហែ កឋិន។

លោក ឡង គីសឹង បានបន្តឲ្យដឹងថា ទិដ្ឋភាពបែបនេះ លោកក៏ដូចជាប្រជាពលរដ្ឋមាន ការខកចិត្តជាខ្លាំង ចំពោះសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ហើយបើតាមការសាកសួរពីខ្មាន់រណាយន្ត គឺរណាយន្ត១គ្រឿងបង់ឲ្យ សមត្ថកិច្ចមេព្រៃពី៣០ម៉ឺនទៅ៤០ម៉ឺនរៀល ហើយការដឹកឈើចេញ ជារឿង១ផ្សេងទៀត។

លោក និយាយឲ្យដឹងបែបនេះ នៅខណៈដែលលោកដឹកនាំកម្លាំង១ក្រុម ឆ្មក់ ចូលបង្ក្រាប នៅតំបន់ព្រៃឡង់ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៦ បន្ទាប់ពីឡើងកាន់តំណែងជា អភិបាលស្រុកជាង១ខែមកនេះ។

លោក អភិបាលស្រុកសណ្ដាន់ បានបន្តថា ការបង្ក្រាប នៅថ្ងៃទី១ ខែឧសភា ម្សិលម៉ិញនេះ គឺមានរណាយន្តខ្នាតធំ៩គ្រឿង និងគោយន្តកន្ត្រៃ៤គ្រឿង ផ្ទុកដោយឈើប្រភេទ ដួងចែម និងផ្នៀក។ចំពោះ វត្ថុតាងទាំងនេះ លោក នឹងអនុវត្តតាមនីតិវិធី នៃច្បាប់៕

IMG-20160502-WA0032 IMG-20160502-WA0033 IMG-20160502-WA0034 IMG-20160502-WA0036 IMG-20160502-WA0038 IMG-20160502-WA0039 IMG-20160502-WA0040

មតិយោបល់