ព័ត៌មានជាតិ

ជនពិការដែលប្រើឧបករណ៍តន្ត្រីជាមុខរបរតាមចិញ្ចើមផ្លូវ ពីពេលនេះទៅត្រូវបញ្ចប់អាជីព

ភ្នំពេញ: បន្ទាប់ពីមានផែនការដាក់បំរាមរបស់អភិបាលរាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភៈឆ្នាំ២០១៦កន្លងមកនោះ ពេលនេះមន្ទីរសង្គមកិច្ចអតីតយុទ្ធជនរាជធានីភ្នំពេញបានចាប់ផ្តើមអនុវត្តន៍នូវវិធានការក្តៅ គឺចុះចាប់ និងប្រមូលឧបករណ៍របស់តន្ត្រីជនពិការ ដែលមានសកម្មភាពប្រគុំរៃអង្គាសប្រាក់តាមចិញ្ចើមផ្លូវសាធារណៈ ដែលអាជ្ញាធរនេះ បានចោទប្រកាន់ថា ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធាណៈ និងបន្ទាប់ពីអប់រំ ណែនាំមិនស្តាប់នោះ ។

លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជនរាជធានីភ្នំពេញបានឲ្យដឹងថា អនុវត្តន៏តាមផែនការរបស់សាលារាជធានីភ្នំពេញ គឺមិនអនុញ្ញាតឲ្យជនពិការមានការប្រគុំតន្ត្រីនៅតាមចិញ្ចើមផ្លូវទៀតទេ គឺត្រូវលុបបំបាត់ឲ្យអស់ ។

លោកបន្តថា កាលេងភ្លេងនេះមិនមែនហាមឃាត់ឬបិទសិទ្ធិទាំងស្រុងនោះទេ ប៉ុន្តែត្រូវរកកន្លែងណាសមរម្យ ដែលមិនមានការប៉ះពាល់ ដោយមិនអាចឲ្យដាក់តាមការនឹកឃើញបានទេ ហើយអាជ្ញាធរក៏មានការពិចារណាផងដែរ បើជនពិការណាមានការលំបាក គ្មានទីពឹងពិតប្រកដមែន អាចស្នើសុំឲ្យជួយបានដូចជាមានរបបប្រចាំខែ បើមានជាសមាគមន៍ គេមានមូលនិធិគេជួយ គឺមិនអនុញ្ញាតឲ្យដើររហេតរហូតឬអនាថាទេ អាជ្ញាធរក៏មិនចង់ធ្វើបែបនេះដែរ មុននឹងធ្វើ មានការអប់រំ និងណែនាំជាច្រើនលើកច្រើនសារមកហើយ ។

លោក សន សុផល បានឲ្យដឹងទៀតថា កាលចាប់ផ្តើមដំបូងមានជាង១០ទីតាំង ក្រោយមកអាជ្ញាធរបានធ្វើការណែនាំ គឺបាត់អស់ច្រើន នៅសល់ប្រមាណ៣កន្លែង ដែលមន្ទីរបានចុះឃាត់គាត់ដែរ តែមិនស្តាប់រហូតមកដល់ពេលនេះ ទើបសម្រេចចិត្តធ្វើការដកហូតឧបករណ៍ និងសម្ភារៈតែម្តង ដែលអ្នកទាំងនេះ មិនមែនជាសមាគមន៍ទេ គឺជាជនពិការឯកជនបានធ្វើសកម្មភាពខ្លួនឯងតែម្តង។

ជាក់ស្តែង ខៈណៈ នេះ មន្ទីរសង្គមកិច្ចរាជធានី បានចុះណែនាំ និងដកហូតសំម្ភារៈតន្ត្រីជនពិការ២ក្រុមនៅតាមបណ្តោយផ្លូវណតប្រ៊ីត ដែលរឹងរូសឲ្យបញ្ឈប់សមម្មភាព ដែលធ្វើឲ្យប៉ះពាល់ចរាចរណ៏ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីជាការព្រមានឲ្យរាងចាលតែម្តង ។

គួររំលឹកថា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក្នុងអង្គប្រជុំជាមួយគណៈបញ្ជាការឯកភាពក្រោមឱវាត នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ កុម្ភៈ ២០១៦ បានលើកឡើងថា ការប្រគុំតន្ត្រីរបស់ក្រុមជនពិការនៅតាមភ្លើងស្តុប និងនៅតាមទីសាធារណៈនានា ដើម្បីរៃអង្គាសលុយដែលបាន និងកំពុងធ្វើរាល់ថ្ងៃនេះ គឺពិតជាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ដែលក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ មិនបណ្តាយឲ្យពួកគាត់បន្តសកម្មភាពបែបនេះបានទេ ។

លោកបន្តថា សូមឲ្យអាជ្ញាធរគ្រប់ខណ្ឌ ត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់ បើខណ្ឌណានៅតែមានការប្រគុំតន្ត្រី រៃអង្គាសលុយតាមភ្លើងស្តុបទៀតត្រូវទទួលខុសត្រូវ ហើយត្រូវស្វែងយល់ និងពិនិត្យស្ថានភាពរស់នៅរបស់ពួកគាត់ឲ្យបានច្បាស់លាស់ថា តើបងប្អូនពិការទាំងនោះ មានអង្គកាណាជាអ្នកមើលការខុសត្រូវ ហើយពួកគាត់ខ្វះខាតអ្វីខ្លះ សាលារាជធានីភ្នំពេញនឹងដោះស្រាយជូនពួកគាត់តែម្តង ។

តំណាងអង្គការជនពិការកម្ពុជាធ្លាប់បានបញ្ជាក់ថា ការផ្តល់ជំ នាញវិជ្ជាជីវៈដល់ ជនពិការ គឺជាការវិនិយោគយូរអង្វែង អាចស្វែងរកប្រាក់ចំណូលបានជារៀងរហូត ។ ជាមធ្យោ បាយចំពោះមុខនេះ សាលាក្រុង គួរតែរៀបចំកន្លែងឲ្យពួកគាត់ច្រៀងឲ្យបានត្រឹមត្រូវនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ ផ្សារទំនើប ឬតាមរង្គសាលាជាដើម ដើម្បីឲ្យពួកគាត់មានចំណូល ខណៈដែល សាលាក្រុងកំពុងស្វែងរកមុខរបរ ឬឱកាសការងារសម្រាប់ជនពិការនោះ ។

ចំណែកក្រុមជនពិការ ដែលច្រៀងនៅម្តុំភ្លើងស្តុបពេទ្យចិនធ្លាប់និយាយថា ការច្រៀងនៅតាមដងផ្លូវសាធារណៈកន្លងមក បានក្លាយជាចំណូលដ៏សំខាន់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ អាចរកកម្រៃបានពី៣ម៉ឺន ទៅ៥ម៉ឺនរៀលក្នុងម្នាក់ ។ ទោះបីជាមានការខ្មាស់អៀន ឬធ្វើមិនសមនៅតាមទីសាធារណៈក៏ដោយ ប៉ុន្តែវាជាការងារមួយដោយសុច្ចរិតបញ្ចេញកម្លាំង ដើម្បីស្វែងរកកម្រៃ ជៀសជាងការលើកដៃសំពះ សំទានគេ ។ ម្យ៉ាងទៀតទង្វើរបស់ពួកគាត់នេះ មានសប្បុរសជនបានគាំទ្រ និងអាណិតអាសូ ដែលជាការចូលរួមលើកកម្ពស់ជីវភាពរបស់បងប្អូនជនពិការផងដែរ ។

សូមបញ្ចាក់ថា តាមការឲ្យដឹងពីអង្គការជនពិការបានឲ្យដឹងថា មួយរយៈពេលកន្លងមកនេះ ក្រុមតន្រ្តីជនពិការបានដាក់ពង្រាយគ្នាច្រៀង នៅតាមភ្លើងស្តុប តាមផ្សារ ឬវិថីសំខាន់ៗ ក្នុងរាជធានីភ្នំពេញមានប្រមាណជាង៣០ក្រុម ដោយក្នុងនោះមានទាំងសមាគម និងក្រុមជនពិការឯកជនផងដែរ៕

photo_2016-05-02_14-56-29 photo_2016-05-02_14-56-24 photo_2016-05-02_14-56-27

មតិយោបល់