រតនគិរីៈ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅស្នងការរដ្ឋាននគរបាលខេត្តរតនគិរី មានរៀបចំពិធីបើកវគ្គបំប៉នតួនាទីភារកិច្ច ជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ចំនួន១២៧នាក់ ដែលអញ្ជើញមកពីប៉ុស្តិ៍ឃុំសង្កាត់ទាំង៥០ក្នុងខេត្ត។
វគ្គបំប៉ននេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈឹម ច័ន្ធសុង អនុប្រធាននាយកដ្ឋានកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ។
វគ្គបណុះបណ្តាលនេះ ដំណើរការទៅរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៦ ក្នុងគោលបំណងបំប៉នជំនាញតួនាទីភារកិច្ច ជូនដល់មន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលសម្តៅចូលរួមអនុវត្តឲ្យបានសម្រេចនូវផែនការយុទ្ធសាស្ត្រនគរបាលជាតិ ឆ្នាំ២០១៥-២០១៨។
បន្ទាប់ពីលោក ចៅ នាង ស្នងការរងនគរបាលខេត្ត មានមតិស្វាគមន៍រួចមកលោក ឈឹម ច័ន្ទសុង បានមានប្រសាសន៍បើកវគ្គដោយបានពាំនាំនូវការសាកសួរសុខទុក និងការនឹករឭកពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់នគរបាលប៉ុស្តិ៍រដ្ឋបាល នៅទូទាំងប្រទេសនិយាយដោយឡែកគឺ មន្ត្រីនគរបាលប៉ុស្តិ៍ខេត្តរតនគិរីទាំងមូល។
លោកបានបន្តថា ចាប់តាំងពីនាយកដ្ឋានកិច្ចការ ប៉ុស្តិ៍នគរបាលរដ្ឋបាលបានបង្កើតឡើងរហូតដល់បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុកដាក់ ចង្អុលដឹកនាំនាយកដ្ឋានមួយនេះ ចាប់តាំងអនុវត្តសកម្មភាពការងារ យ៉ាងមមាញឹកលើការងារជំនាញសំខាន់ៗជាច្រើន ជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទូទាំងប្រទេស ពីព្រោះថា នគរបាលប៉ុស្តិ៍រដ្ឋបាល គឺជាអង្គភាពនគរបាល ដែលស្ថិតនៅជួរមុខបំផុតហើយប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋដោយផ្ទាល់ និងយល់ដឹងពីសុខទុកប្រជាពលរដ្ឋគ្រប់ពេលវេលា។
បេសកម្មមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ជាកម្លាំងប្រតិបត្តិការយ៉ាងសកម្ម ជាអ្នកចេញជួយអន្តគមន៍ជាបន្ទាន់ និងត្រូវសភាពការណ៍ជាក់ស្តែងចំពោះមុខ ដូច្នេះទាមទារឲ្យមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលមាន ចំណេះដឹងជំនាញពិតប្រាកដដើម្បីផ្តល់ភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋនិងសហគមន៍របស់ខ្លួន។
លោក ឈឹម ច័ន្ធសុង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវគោរពពេលម៉ោងរៀនសូត្រ ឲ្យបានជាប់លាប់ជាពិសេសខិតខំ ត្រង់ត្រាប់ស្តាប់គ្រូឧន្ទេសនាម ហើយចំណុចណាមិនយល់ ត្រូវហ៊ានសួរដល់គ្រូឧន្ទេសនាម ដើម្បីឲ្យការសិក្សារៀនសូត្ររបស់អស់លោក លោកស្រី ទទួលបានលទ្ធផលល្អពេលបញ្ចប់វគ្គ៕
មតិយោបល់