ព័ត៌មានជាតិ

បងថ្លៃល្មោភកាម ចាប់រំលោភប្អូនថ្លៃអាយុ១១ឆ្នាំ

ភ្នំពេញ: ជនល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បានសម្រេចជាបន្តបន្ទាប់ចំនួន៤ដង ហើយត្រូវម្តាយក្មេងស្រីរងគ្រោះប្ដឹងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ឲ្យ​ឃាត់ខ្លួន កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ដែលស្ថិតនៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ឹម ម៉ុក អាយុ៣៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅក្រុម៩ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។ ចំណែកឯក្មេងស្រីរងគ្រោះមានឈ្មោះ ថ.ស.រ អាយុ១១ឆ្នាំ មុខរបរ សិស្ស មានទីលំនៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅអំឡុងខែមិថុនា ឆ្នាំ២០១៦ ដោយក្មេងស្រី​រងគ្រោះមិនចាំថ្ងៃ ជនសង្ស័យ ដែលត្រូវជាបងថ្លៃ បានធ្វើសកម្មភាពចាប់រំលោភរូបនាង ដែលជាប្អូនថ្លៃស្រីជីដូនមួយ បានសម្រេចជាបន្តបន្ទាប់ចំនួន៤ដង ហើយព្រមទាំងគំរាមសម្លាប់ចោល បើសិនហ៊ានប្រាប់អ្នកណានោះ។ រហូតមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ម្តាយរបស់ក្មេងស្រីរងគ្រោះបានមើលមុខកូនស្រីរបស់គាត់ដូចជា ស្លេកស្លាំង​ខ្លាំង និងភ័យខ្លាចខ្លាំង  ទើបគាត់បានសួរនាំកូនស្រីថា មានរឿងអ្វីកើតឡើង។ ស្រាប់តែពេលនោះ ក្មេងស្រីរងគ្រោះ ក៏បាននិយាយប្រាប់ម្តាយថា បងថ្លៃបានចាប់រំលោភរូបនាងបានសម្រេចជាបន្តបន្ទាប់ចំនួន៤ដង ថែមទាំងបាននិយាយថា បើហ៊ាននិយាយប្រាប់អ្នកណា គេនឹង​សម្លាប់ចោលតែម្តង ទើបធ្វើឲ្យ​រូបនាងមានការភ័យខ្លាចបែបនេះ។

ក្រោយពីបានស្តាប់សំដីកូនស្រីរបស់គាត់និយាយបែបនេះ ម្តាយក្មេងស្រីរងគ្រោះ បាននាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកោះដាច់ ដើម្បីសុំឲ្យ​សមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់​ពីទទួលបានដាក់ពាក្យបណ្តឹងរួចមក សមត្ថកិច្ចបានដឹកនាំកម្លាំង ចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលត្រូវបងថ្លៃល្មោភកាមម្នាក់នោះ យកមកអនុវត្តទោសតាមច្បាប់ព្រហ្មទណ្ឌ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់