ព័ត៌មានជាតិ

រឿងអ៊ីចឹងសោះ! យកគ្រាប់បែកមកញាត់ទ្រូងមិត្តភក្តិ ផ្ទុះ​ស្លាប់ទាំង២នាក់

ត្បូងឃ្មុំ: បុរសស្រវឹងស្រាម្នាក់ បាន​ជិះម៉ូតូទៅផ្ទះមិត្តភក្តិសួររកទូរសព្ទរបស់ខ្លួន តែរកមិនឃើញ ហើយ​ក៏យកគ្រាប់បែកញាត់ក្នុងទ្រូងមិត្តភក្តិ បណ្ដាលឲ្យផ្ទុះស្លាប់ទាំង២នាក់។ ករណីនេះ កើតឡើងកាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិត្របែក ឃុំមេមត់ ស្រុកមេមត់​​ ខេត្តត្បូងឃ្មុំ។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា​ មុនពេលកើតហេតុជនបង្កឈ្មោះ សំ សារ៉ាត ហៅជា ស្ថិតក្នុងស្ថានភាពស្រវឹងជោក បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ីរ៉ូស ពណ៌ក្រហមលាយខ្មៅ ដោយភ្ជាប់មកជាមួយនូវគ្រាប់បែកមួយគ្រាប់ រួម​មកឈប់មុខផ្ទះ​ឈ្មោះ ​​សូ ណាក់ អាយុ៤១ឆ្នាំ​ ហើយបានជួបជនរងគ្រោះឈ្មោះ ខុញ ខា អាយុ៤៣ឆ្នាំ ដែលជាមិត្តភក្តិ ហើយ​សួររកទូរសព្ទរបស់ខ្លួន ប៉ុន្តែឈ្មោះខា ឆ្លើយថា មិនឃើញ រួចជនបង្កជិះម៉ូតូចេញទៅវិញមួយសន្ទុះ។

នគរបាលបន្ដថា លុះ​ពេលត្រឡប់មកវិញ ជនបង្កបានយកគ្រាប់បែកមកដាក់ញាត់ក្នុងទ្រូងឈ្មោះ ខា រួចនិយាយថា «បើឯងស្រលាញ់គ្នា យើងងាប់ទាំងអស់គ្នា» ថា រួចជនបង្កក៏បានដកគ្រាប់បែកចេញ បណ្ដាលឲ្យផ្ទុះស្លាប់ទាំង២នាក់ភ្លាមៗតែម្ដង។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវបន្ដ និងប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់