ព័ត៌មានជាតិ

Update: សាំយ៉ុងព្រលះយីឌុបដឹកដំឡូងពីក្រោយ ស្លាប់៥ របួសធ្ងន់ស្រាល៤

ព្រៃវែងៈ យ៉ាងហោចណាស់មានមនុស្សទាំងក្មេងទាំងចាស់ចំនួន៥នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យ​រន្ធត់មួយ ដែលបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៨A ត្រង់ចំណុចចន្លោះគីឡូ​ម៉ែត្រលេខ៥៦និង៥៧ ស្ថិតក្នុងភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

សាក្សីនៅកន្លែងកើតហេតុបានឲ្យ​ដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយសាររថយន្តសាំយ៉ុង១គ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកំពង់ចាម ២A-​៥៩៧០ ជារថយន្តដឹកអ្នកដំណើរ ធ្វើដំណើរមកក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុ រថយន្តសាំយ៉ុង​បានព្យាយាមបើកវ៉ារថយន្តយីឌុបដឹកដំឡូង១គ្រឿង ដែលនៅខាងមុខទិសដៅស្របគ្នា ប៉ុន្តែពេលចេញក្បាលវ៉ាក៏វ៉ាក់អើជាមួយនិងរថយន្តធំ១គ្រឿងផ្សេងទៀត ដែលបើកមកបញ្ច្រាសទិសគ្នា ទើបអ្នកបើកបររថយន្តសាំយ៉ុង ទាញចង្កូតគេចចូលវិញ បណ្តាលឲ្យ​បុកគូថរថយន្តយីឌុបដឹកដំឡូង អូសរះខ្ទេចរថយន្តសាំយ៉ុង១ចំហៀងផ្នែកខាងស្តាំពីមុខដល់ក្រោយ ចំណែកអ្នកជិះក្នុងរថយន្តសាំយ៉ុង អ្នកខ្លះបោកទង្គិចនឹងរថយន្ត និងខ្លះត្រូវគូថរថយន្តយីឌុបបុកគាប បណ្តាលធ្លាក់ខ្ទាតពេញផ្លូវ ស្លាប់ភ្លាមៗ នៅនឹងកន្លែងចំនួន៥នាក់ របួសធ្ងន់បែកផុងលលាដ៏ក្បាលម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យខេត្ត សង្ឃឹមតិចណាស់ និង៣នាក់ផ្សេងទៀតរួមទាំងនាក់បើកបររងរបួសស្រាល។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុប្រមាណជា១០នាទី សមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុ ជួយអន្តរាគមន៍សម្រួលចរាចរណ៍កុំឲ្យ​កកស្ទះ ចំណែកអ្នកបើកបររថយន្តសាំយ៉ុង ដែលរងរបួសបាក់ដៃ ត្រូវបាននាំទៅពិនិត្យ និងរុំរបួស នៅគ្លីនិកឯកជន១កន្លែងក្នុងស្រុកពារាំង រួចត្រូវសមត្ថកិច្ចនាំខ្លួនទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកពារាំង ដោយឡែករថយន្តយីឌុបដឹកដំឡូង ត្រូវបានសមត្ថកិច្ចឃាត់ទុកសិន រីឯអ្នកបើកបរបានរត់គេចខ្លួនភ្លាមៗក្រោយពីកើតហេតុ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ឲ្យ​ដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយសារតែរថយន្តសាំយ៉ុងបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ដោយបំពានទៅនឹងច្បាប់ចរាចរណ៍ ទើបធ្វើឲ្យ​មានអ្នកស្លាប់នឹងរបួសច្រើនបែបនេះ ដូច្នេះអ្នកបើកបរត្រូវតែប្រឈមមុខទទួលខុសត្រូវចំពោះច្បាប់។ បច្ចុប្បន្នគេសង្កេតឃើញថា អ្នកបើកបរមិនសូវមានរៀនទេ សួរតែគ្នាប៉ុណ្ណោះដាក់លុយទៅមានប័ណ្ណបើកបរហើយ៕

https://youtu.be/2FKeOUllR7U

មតិយោបល់