កណ្ដាលៈ បុរសម្នាក់សារភាពថា គាត់បានផឹកស្រាបៀរ ABC អស់៦កំប៉ុង រួចបើករថយន្តក្នុងស្ថានភាពស្រវឹងក៏ជ្រុលបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់ស្លាប់យ៉ាងអាណោចអាធ័ម។ ទីបំផុតជនបង្ក ត្រូវបានតុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់បណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។
មន្ត្រីតុលាការបញ្ជាក់ថា ជនបង្ក កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ត្រូវបានលោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេច ដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទបើកបរធ្វេសប្រហែស បណ្តាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០ យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ២៤និង២៥ ក្នុងភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល។
សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ប៊ិឡាញ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A-១២០៣ របស់ក្រុមហ៊ុនហុងលីហួ បើកបរដោយឈ្មោះ កួន វិចិត្ត ភេទប្រុស អាយុ៤២ រស់នៅភូមិដូនកែវ ឃុំសែនដី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមដំណើរដោយឈ្មោះ មុំ វលក្ខ័ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិតាពៅ ឃុំតាពៅ ស្រុកវ៉ារិន ខេត្តសៀមរាប បានបើកកបរ រថយន្តមកពីទិសខាងកើតទៅទិសខាងលិច។ លុះដល់ចំណុចកើតហេតុ បានវ៉ាជែង រថយន្តមួយគ្រឿងផ្សេងទៀត ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌ខ្មៅបើកបរដោយឈ្មោះ លី ណារ៉ុង ភេទប្រុស អាយុ២៣ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ឌុបឈ្មោះ តូ រ៉ូ ប្រុសអាយុ២១ឆ្នាំ (ស្លាប់) ឈ្មោះ ឃឿន រ៉ា ភេទប្រុស អាយុ ២៣ ឆ្នាំ (ស្លាប់) ។ បន្ទាប់មករថយន្ត ជ្រុលទៅបុកបង្គោលខ្សែភ្លើង របស់ EDC បណ្តាលដាច់ខ្សែភ្លើងនិងប្រេះបង្គោលភ្លើង។
សមត្ថកិច្ចបន្ថែមថា ករណីនេះបណ្ដាលមកពីអ្នកបើកបរថយន្តបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់នៅទីប្រជុំជន។
ជនបង្កឈ្មោះ កួន វិចិត្ត ជាជនបង្កសារភាពថា ខ្លួនបានហូបABCអស់៦កំប៉ុង ទើបបើកបរគ្រប់គ្រងស្មារតីមិនបាន៕
មតិយោបល់