ព័ត៌មានជាតិ

សង្ស័យស្រវឹង! នីសាន់ស្លាកលេខរដ្ឋ បើករថយន្តទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង

ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹង បានបើករថយន្តមួយគ្រឿងម៉ាក នីសាន់ ពណ៌ស ពាក់ស្លាករដ្ជ២៩ ២-១១១៨ យ៉ាងលឿនទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសំដីរបស់អ្នកដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹង រួមដំណើរជាមួយមនុស្ស៣នាក់ទៀតក្នុងរថយន្ត ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកនឹងក្បាលនាគចែកទ្រូងផ្លូវយ៉ាងពេញទំហឹង លាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែកអ្នកបើកបរ និងអ្នករួមដំណើរ៣នាក់ទៀត របួសស្រាល។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានឡើងជិះរម៉កកង់បីទៅបាត់ រីឯរថយន្តត្រូវបានខាងមន្រ្តីជំនាញ ចុះមកធ្វើការវាស់វែង យកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់