ព័ត៌មានជាតិ

មិនធម្មតា! រថយន្តក្រុង បូព៌ា អាស៊ី គៀររថយន្តយក្សពីរគ្រឿង ក្រឡាប់ និងរបួសធ្ងន់ស្រាល៣នាក់

ពោធិ៍សាត់: រថយន្តប្រភេទដឹកទំនិញធុនធំពីរគ្រឿង បានក្រឡាប់ធ្លាក់ផ្លូវចូលស្រែ និងមនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយសាររថយន្តក្រុងរបស់ក្រុមហ៊ុន បូព៌ា អាស៊ី គៀរកាលពីយប់មិញ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០៖២០នាទី យប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២១៦-២១៧ ស្ថិតក្នុងភូមិព្រៃយាង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

របាយការណ៍របស់សមត្ថកិច្ចឲ្យដឹងថា នៅវេលាកើតហេតុខាងលើ រថយន្តក្រុងមួយគ្រឿង របស់ក្រុមហ៊ុន បូព៌ា អាស៊ី ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-0393 បើកបរក្នុងទិសដៅពីកើតទៅលិច (អ្នកបើកបរគេចខ្លួនបាត់) ពេលមកដល់ចំណុចកើតហេតុ បានគៀរថយន្តដឹកស្ពៃម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0736 ធ្វើដំណើរក្នុងទិសដៅច្រាស់គ្នាពីលិចទៅកើត បើកដោយឈ្មោះ ម៉ៅ ភេទប្រុស អាសយុ២៨ឆ្នាំ រស់នៅភូមិអូរតាពុក ឃុំទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (គ្មានរបួស) បណ្ដាលឲ្យក្រឡាប់នៅខាងជើងផ្លូវជាតិ។

នៅខណ:នោះដែរ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2944 របស់ក្រុមហ៊ុន H.C បើកបរដោយឈ្មោះ លឹម ប៊ុនរឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិមហាសេនា ឃុំតាំទេព ស្រុកត្រាំកក់ ខេត្តតាកែវ បើកមកដល់ក៏ជួបឧបសគ្គនឹងគ្រោះថ្នាក់នេះ គេចមិនផុតក៏រ៉េចង្កូតធ្លាក់ក្បាលទៅខាងត្បូងផ្លូវជាតិ ចូលវាលស្រែ ប៉ុន្តែសំណាងល្អមិនមានអ្នករបួស។

ក្រោយកើតហេតុ អ្នករួមដំណើរ៣នាក់ នៅក្នុងរថយន្តក្រុង បូព៌ា អាស៊ី បានរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តទាំង៣គ្រឿង ត្រូវនគរបាលជំនាញធ្វើការវាស់វែង និងអូសយកទៅរក្សាទុកនៅស្នងការដ្ឋានខេត្តនាព្រឹកនេះ ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់