ព័ត៌មានជាតិ

ឃាតកម្នាក់ដែលរឹតក ប្លន់សម្លាប់មេជាងការ៉ូអាគារ Easton International Apartment កម្ពស់២២ជាន់ ត្រូវចាប់ខ្លួន

ភ្នំពេញ: កម្លាំងនគរបានព្រហ្មទណ្ឌខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ក្នុងករណីឃាតកម្មរឹតក សម្លាប់ប្លន់យកទ្រព្យសម្បត្តិពីមេការខាងរៀបឥដ្ឋការ៉ូម្នាក់បានសម្រេច ហើយក្រុមឃាតករ បានបំភ្លៃរឿងថាជនរងគ្រោះបានធ្លាក់ពីលើអាគារកម្ពស់២២ជាន់ មកទើលើដំបូលផ្ទះក្បែរកន្លែងកើតហេតុ ហើយប្រកាច់ធ្លាក់ចុះមកដី ត្រូវបានកូនជាងរបស់ខ្លួន(ឃាតក) ដឹកតាមរ៉ឺម៉ក់កង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់មកក៏បានដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ។ ចំណែកឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចការដ្ឋានកើតហេតុ អាគារ Easton International Apartment កំពុងសាងសង់ ដែលមានលេខ២១-២៣ ភូមិ២ ផ្លូវ៥១ កែងនិង ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវបានស្គាល់ឈ្មោះទី១ ឈ្មោះ ជឹម សុផាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកូនជាងការ៉ូ មានស្រុកកំណើតនៅភូមិព្រែកប្រាំង ឃុំព្រែកប្រសព ស្រុកព្រែកប្រសព ខេត្តក្រចេះ (ឃាត់ខ្លួនបាន)។ ទី២ឈ្មោះធីម ភេទប្រុស អាយុ៣២ រត់គេចខ្លួនបាត់ស្រមោល ។ រីឯជនរងគ្រោះឈ្មោះ ធន់ ចាន់ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរជាងមេជាការ៉ូ មានស្រុកកំណើតនៅភូមិអូរ ឃុំកាត់ភ្លុក ស្រុកបរសែត ខេត្តកំពង់ស្ពឺ សាកសពត្រូវបានយកទៅធ្វើបុណ្យនៅស្រុកកំណើត ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៣ខែមករាឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីយប់ជនសង្ស័យឈ្មោះ ជឹម សុផាន់ណា និង ឈ្មោះ ធីម បាននាមត្រកូលនៅបន្ទប់ដេកជាន់ទី១ក្នុងការដ្ឋានសំណង់ខាងលើរួចនាំគ្នាដេកនៅទីនោះ លុះដល់ម៉ោង៣និង៣០នាទី យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យទាំង២នាក់នោះ ក៏ពិភាក្សាគ្នារៀបចំគម្រោងសម្លាប់ដើម្បីយកលុយចែកគ្នា ក៏ហៅជនរងគ្រោះអង្គុយលេងនៅលើដំបូលផ្ទះជាន់៤ ការដ្ឋានសំណង់ខាងលើ ពេលឡើងទៅដល់លើដំបូលផ្ទះជនសង្ស័យ ឈ្មោះជីម សុផាន់ណា បានធ្វើសកម្មភាពចាប់ដៃជនរងគ្រោះទាំង២មកក្រោយ ជនសង្ស័យឈ្មោះ ធីម យកខ្សែលីឡុងមករឹតក រហូតដល់ស្លាប់ឈ្មោះ ធីម ក៏បានលូកហោប៉ៅ យកលុយជនរងគ្រោះ រួចនាំគ្នាមកដេកក្នុងបន្ទប់វិញ។ រហូតដល់ម៉ោង៦និង៣០នាទីព្រឹក កម្មករសំណង់ចូលធ្វើការ ឃើញផ្អើលឆោឡោ ជនសង្ស័យបានក្រោកពីដេក ដោយ ឈ្មោះ ជឹម សុផាន់ណា (ជនសង្ស័យ)ជាអ្នកនាំជនរងគ្រោះទៅមន្ទីពេទ្យកាល់ម៉ែត។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ដោយសហការ ជាមួយការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងនគរបាលព្រហ្មទណ្ឌសកម្រិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជឹម សុផាន់ណា នៅវេលាម៉ោង១០និង ៣០នាទី ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នេះតែម្ដង។

គួរបញ្ជាក់ផងដែរថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចអាគារ Easton International Apartment កំពុងសាងសង់ ដែលមានលេខ២៣ ភូមិ២ ផ្លូវ៥១ កែងនិង ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ដោយឡែកយោងតាមសម្តីមេការការដ្ឋានសំណង់អាគារ Easton International Apartment ឈ្មោះ ហាវ ភេទប្រុស អាយុ៤០ឆ្នាំ បានប្រាប់ឲ្យដឹងថា គាត់បានឡើងទៅពិនិត្យឃើញសម្ភារ:របស់ជនរងគ្រោះខាងលើ ត្រូវបានគេរើ កកាយ យកទ្រព្យសម្បត្តិ ដូចជា ទូរសព្ទ កាបូបលុយ និង សម្លៀកបំពាក់ ប៉ុន្តែមិនដឹងថាជានរណានោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខាងកោសល្យវិច័យបានពិនិត្យ លើសាកសពជនរងគ្រោះឃើញ មានស្នាមជាំនៅទ្រូង ដោយផត់ចូលខាងក្នុង ដែលធ្លាក់មកពីលើទើលើដំបូលផ្ទះអាចបាក់ឆ្អឹងជំនីបណ្តាលឲ្យស្លាប់ តែនៅកមានស្នាមខ្សែរឹតផងដែរ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។ រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត៕

មតិយោបល់