ព័ត៌មានជាតិ

បបួល​អ្នករត់​ម៉ូតូឌុបចូលច្រៀងខារ៉ាអូខេ រួចដាក់ថ្នាំសណ្តំយកម៉ូតូគេចខ្លួនបាត់

បន្ទាយមានជ័យ: បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានជនសង្ស័យម្នាក់​ល្បួងចូលច្រៀងខារ៉ាអូខេ រួចដាក់សំណ្ដំលួចយកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ខារ៉ាអូខេ “វិមានស្បូវ” បន្ទប់1111ស្ថិតក្នុងភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ភឿក ព្រហ្ម មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឲ្យដឹងថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចុះពីតាក់ស៊ីហើយបានហៅម៉ូតូឌុបជិះ ពេលនោះជនសង្ស័យបានបបួលជនរងគ្រោះជាអ្នករត់ម៉ូតូឌុបចូលផឹកស៊ីក្នុងបន្ទប់ខារ៉ាអូខេខាងលើ ហើយបានធ្វើសកម្មភាពដាក់ថ្នាំសណ្ដំក្នុងស្រា ឲ្យជនរងគ្រោះឈ្មោះ ប្រាក់ រ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ផឹក មួយសន្ទុះ ក្រោយមកឈ្មោះ ប្រាក់ រ៉ា បានសន្លប់នៅក្នុងបន្ទប់ការ៉ាអូខេ ហើយជនសង្ស័យបានយកម៉ូតូ១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-8851 របស់ជនរងគ្រោះជិះចេញទៅបាត់ស្រមោល ក្រោយមកជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅសម្រាកព្យាលបាលនៅគ្លីនិកឯកជនមួយកន្លែងក្នុងសង្កាត់កំពង់ស្វាយ៕

មតិយោបល់