ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្រកាសមិនខ្លាច ចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិកទ្បើយ

ស្វីស: អគ្គរដ្ឋទូតរងក្រុងព្យុងយ៉ាង លោក Choe Myong Nam បានប្រាប់ភ្នាក់ងារ Reuters នៅថ្ងៃអង្គារថា រដ្ឋាភិបាលកូរ៉េខាងជើង មិនមានអ្វីត្រូវខ្លាចឡើយ សម្រាប់ការផ្លាស់ប្តូរណាមួយរបស់អាមេរិក ដើម្បីបង្កើនការដាក់ទណ្ឌកម្មប្រទេសខ្លួន ក្នុង គោលបំណងកាត់ផ្ដាច់ប្រព័ន្ធហិរញ្ញវត្ថុសកលយ៉ាងណា ក៏ក្រុងព្យុងយ៉ាង នឹងនៅតែបន្តការបង្កើនល្បឿនកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនដដែល។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧។

ថ្លែងក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Choe Myong Nam បាននិយាយថា កូរ៉េខាងជើង នឹងអភិវឌ្ឍសមត្ថភាពវាយប្រហារលើកដំបូង រួមទាំងមីស៊ីលឆ្លងទ្វីប (ICBM) របស់ខ្លួនផងដែរ ។

ដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន បានរាយការណ៍កាលពីថ្ងៃច័ន្ទថា រដ្ឋបាលលោក ត្រាំ កំពុងពិចារណាលើការដាក់ទណ្ឌកម្ម ជាវិធានការដើម្បីទប់ស្កាត់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីសំណាក់កូរ៉េខាងជើង។

លោក Choe បានប្រាប់ Reuters ថា « ខ្ញុំគិតថា ការធ្វើបែបនេះ គឺជាការឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់លេខាធិការនរដ្ឋ លោក Rex Tillerson ទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន ដែលយើងចង់បង្ហាញថា ពិតជាមិនមានការភ័យខ្លាច ចំពោះទង្វើបែបនោះទេ »។

លោក Choe បានបន្តទៀតថា «បើទោះបីជាមានការហាមឃាត់ ប្រព័ន្ធប្រតិបត្ដិការអន្ដរជាតិ, និងហិរញ្ញវត្ថុសកលរបស់កូរ៉េខាងជើង ដែលជាវិធានការទប់ទល់របស់ពួកគេយ៉ាងណាក៏ដោយ តែវានឹងមិនធ្វើឲ្យយើងភ័យខ្លាច ឬកែប្រែជំហរធ្វើអ្វីខុសពីមុនទ្បើយ»។

ក្នុងនោះលោកបានហៅការដាក់ទណ្ឌកម្មនោះថា «ជាអំពើសាហាវយង់ឃ្នង និងឃោឃៅបំផុត» ៕

មតិយោបល់