ព័ត៌មានជាតិ

បញ្ជូនប្រធានសន្តិសុខបុរី លឹមឈាងហាក់ ទៅតុលាការ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នេះកម្លាំនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបានបញ្ជូនជនជាប់សង្ស័យឈ្មោះ វឿន សារុម ដែលជាប្រធានសន្តិសុខនៅបុរី លឹម ឈាងហាក់ ឲ្យតុលាការចាត់ការតាមនីតិវិធី ក្រោយពីជននេះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦កន្លងមក បន្ទាប់ពីជនជាប់សង្ស័យបាននាំបក្ខពួកមានគ្នាប្រមាណ១០នាក់ ជាសន្តិសុខបុរី លឹម ឈាងហាក់ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ ជិះម៉ូតូ៣គ្រឿង ទៅវាយទាត់ធាក់បុរសជនរងគ្រោះមានឈ្មោះ សាង ហៃ អាយុ៣០ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ និងបានវាយខ្នោះបុរសរងគ្រោះនាំយកមកកន្លែងការិយាល័យសន្តិសុខក្នុងបុរីទៀតផង ព្រោះតែមានជម្លោះជាមួយជនរងគ្រោះ។

សូមរំឭកថា ហេតុការណ៍ហិង្សារវាងក្រុមជនសង្ស័យ និងជនរងគ្រោះ បានកើតឡើងកាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ស្ថិតនៅផ្ទះជនរងគ្រោះភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាខាងលើពីក្រុមសន្តិសុខទាំងនេះ ខឹងជនរងគ្រោះយកចំពាមកៅស៊ូ ទៅបាញ់កម្មករសំណង់របស់ខ្លួន តែយ៉ាងណានោះ ក៏មិនត្រូវលើកគ្នាទាំងហ្វូងទៅប្រើអំពើហិង្សា និងចាប់វាយខ្នោះអូសមកកន្លែងបែបនេះទេ ពីព្រោះមិនមែនជាមន្រ្តីនគរបាលយុត្តិធម៌ឡើយ។

បើតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចដដែលបានដឹងទៀតថា ខណៈជនរងគ្រោះកំពុងអង្គុយលើគ្រែ ស្រាប់តែប្រធានសន្តិសុខ និងបក្ខពួក ទៅវាយចាប់វាយខ្នោះ ដោយមិនសួរហេតុផល អូសមកកន្លែងការិយាល័យសន្តិសុខ ក្នុងបុរី ហើយបន្តវាយរហូតរបួសធ្ងន់៕

ប្រធានសន្តិសុខបុរី លឹមឈាងហាក់ បញ្ជូនតុលាការ

មតិយោបល់