ព័ត៌មានជាតិ

រាជរដ្ឋាភិបាលប្រគល់អាជ្ញាប័ណ្ណឲ្យទៅក្រុមហ៊ុនមេស្កូហ្គោល ធ្វើ អាជីវកម្មរ៉ែមាស នៅខេត្តរតនគិរី

ខេត្តរតនគិរី: រាជរដ្ឋាភិបាលបានប្រគល់អាជ្ញាប័ណ្ណឲ្យទៅក្រុមហ៊ុនមេស្កូហ្គោល(mescogold) ធ្វើអាជីវកម្មរ៉ែមាសនៅខេត្តរតនគិរី បន្ទាប់ពីស្ថាប័ន​ជំនាញពាក់ព័ន្ធសិក្សាវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាននិងដោះស្រាយផលប៉ះពាល់នានាជូនប្រជាពលរដ្ឋរួចរាល់ ហើយចាប់ដំណើរការ នៅដើមខែវិច្ឆិកា ខាងមុខនេះ ។

លោក ហាស វិហ្សាម៉ា នាយកប្រតិបត្តិក្រុមហ៊ុនមេស្កូហ្គោលបានប្រាប់អ្នកសារព័ត៌មានកន្លងមកថា លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងក្រសួងរ៉ែ និងថាមពលកាល​ពីថ្ងៃទី​១០ ខែសីហា ឆ្នាំ២០១៦ បានចុះហត្ថលេខាលើអាជ្ញាប័ណ្ណរួចហើយដូច្នេះក្រុមហ៊ុនរៀបចំ ផែនការទិញគ្រឿងចក្រនិងហ្វឹកហ្វឺន កម្មករជំនាញក្នុងអាជីវកម្មរ៉ែព្រម​ទាំងសាង​សង់​រោងចក្រផលិតមាសឲ្យរួចរាល់នៅចុងឆ្នាំ២០១៧ ។

លោក នាយកប្រតិបត្តិ បានបន្តថា បច្ចុប្បន្នក្រុមហ៊ុនមានកម្មករ១៨ នាក់ប៉ុន្តែក្រុមហ៊ុនត្រូវការកម្មករដល់ទៅជាង ២០នាក់ នៅពាក់កណ្តាល ខែតុលានេះ ។

ចំនួនកម្មករនឹងត្រូវជ្រើសរើសបន្ថែមរៀងរាល់ខែពី ៧០ទៅ៨០ នាក់ រហូតដល់ខែកុម្ភ: ឆ្នាំ២០១៧ និងជាបន្តបន្ទាប់កម្មករ កើនឡើងរហូតជាង ២០០នាក់ ខណ:ក្រុមហ៊ុនដំ​ណើរ​ការអាជីវកម្មពេញលេញ ។

លោក ញ៉ែម សំអឿន អ្នកនាំពាក្យ និងជាអភិបាលរងខេត្តរតនគិរីមានប្រសាសន៍កន្លងមកថាការបើកឧស្សាហកម្មរ៉ែមាសលើកដំបូងនៅខេត្តរតនគិរីនោះ ជាដំណើរការ​អភិវឌ្ឍន៍​មួយដ៏មានសារ:សំខាន់និងផ្តល់ផលប្រយោជន៍សម្រាប់ថវិកាជាតិនិងការអភិវឌ្ឍជាក់ស្តែងក្នុងតំបន់ប្រតិបត្តិការធ្វើអាជីវកម្ម ។

លោក ញ៉ែម សំអឿន បានបន្តថា សហគមន៍មូលដ្ឋានផ្ទាល់ជាពិសេសប្រជាពលរដ្ឋជនជាតិដើមភាគតិច រស់នៅតំបន់ធ្វើអាជីវកម្មនិងទទួលបានការងារធ្វើជា​អាទិភាព​និងរកប្រាក់ចំណូលសម្រាប់ជីវភាពរស់នៅកាន់តែប្រសើរ ។

លើសពីនេះទៀតក្រុមហ៊ុននឹងចូលរួមអភិវឌ្ឍន៍មូលដ្ឋានជូនប្រជាពលរដ្ឋ តាមកិច្ចព្រមព្រៀងស្តីពីការវិនិយោគ ព្រោះធម្មតារោងចក្រធ្វើកន្លែងណាហើយ គេនឹងអភិវឌ្ឍន៍​កន្លែងនោះ។

គួរបញ្ជាក់ថា ក្រុមហ៊ុនមេស្កូ ហ្គោល(MescoGold)ជារបស់ប្រទេសឥណ្ឌាធ្វើអាជីវកម្មរ៉ែមាសនៅឃុំពាក់ និងឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ រយ:ពេល៣០ឆ្នាំ លើផ្ទៃដីខាងលើ​៥០ហិចតា ជម្រៅចុះទៅក្រោមដី៣០ម៉ែត្រ និងទំហំវិនិយោគក្រោមដី ១២គីឡូម៉ែត្រការ៉េក្រុមហ៊ុន គ្រោងចំណាយថវិកាជាង ៤០០លានដុល្លារ សម្រាប់ចំណាយលើគម្រោងរ៉ែមាសនេះ ។

ក្រុមហ៊ុនត្រូវបង់ពន្ធចូលថវិកាជាតិប្រមាណ៤០០លានដុល្លារ ខណ:ក្រុមហ៊ុនរំពឹងថា នឹងរកចំណូលបាន ៤៥៧ លានដុល្លារ ក្រោយពីដកប្រាក់ពន្ធរួចរាល់ ។

សមាគមអាដហុកខេត្តរតនគិរី លោក ឆាយ ធីបានប្រាប់ឲ្យដឹងថា កន្លងទៅអ្នកភូមិបានយល់ព្រមដោយស្ម័គ្រចិត្តទទួលយកដំណោះស្រាយសំណងផលប៉ះពាល់បន្ទាប់ពី​ក្រុមហ៊ុនបាន​បើកកិច្ចពិភាក្សាផ្ទាល់ជាមួយអ្នកភូមិ និងសមត្ថកិច្ចពាក់ព័ន្ធ ។

គួរបញ្ជាក់ថាក្រុមហ៊ុនមេស្កូ ហ្គោល ចាប់ផ្តើមផលិតមាសនៅដើមឆ្នាំ២០១៨ បន្ទាប់ពីរោងចក្រសាងសង់រួច ដោយក្នុងមួយថ្ងៃអាចផលិតមាសបាន២ពាន់ក្រាមពីរ៉ែថ្មចំនួន​៥០០តោន ជីកពីក្នុងអណ្តូងរ៉ែក្នុងមួយថ្ងៃៗ ៕

អាជីវកម្មរ៉ែ

អាជីវកម្មរ៉ែ

អាជីវកម្មរ៉ែ

មតិយោបល់