ព័ត៌មានជាតិ

ស្ងាត់ៗ ដោះលែង​ប៉េអិម​ស័ក្ដិ​៤​ម្នាក់​​​ ដែល​បើកឡាន​​កាង​បទល្មើស​ឈើ​គ្រញូង​កក្រើក​ក្រុង​សៀមរាប

សៀមរាបៈ លោក សំ ប៊ុនពៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចចេញដីកាឲ្យដោះលែង មន្ត្រីអាវុធហត្ថពាក់ស័ក្ដិ៤ ខេត្តកំពង់ធំម្នាក់ ដែលបើកឡានកាងបទល្មើសឈើគ្រញូង កក្រើកក្រុងសៀមរាម ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយស្ងាត់ៗកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ កន្លងមក។

ប៉េអឹមស័ក្តិ៤ មកពីខេត្តកំពង់ធំ មានឈ្មោះ សេង ប៊ុនតេង មានតួនាទីជាជំនួយការមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវបានតុលាការសម្រេចដោះលែង ប៉ុន្ដែដាក់ឲ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ នៅព្រឹកថ្ងៃទី១៤ ខែតុលានេះ លោក សំ ប៊ុនពៅ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប ពុំបានបរិយាយច្រើនទេ ប្រាប់អ្នកសារព័ត៌មាន ដោយលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ពិតជាដោះលែងហើយ។ បើចង់ដឹងច្បាស់សូមមកកាន់តុលាការហើយសួរទៅតំណាងអយ្យការចុះ។

សូមរំលឹកថា លោកស័ក្តិ៤ ប៉េអិមខេត្តកំពង់ធំ ឈ្មោះ សេង ប៊ុនតេង ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប ចេញដីកា ឃុំខ្លួនកាលពីល្ងាចថ្ងៃ៩ ខែសីហា ឆ្នាំ២០១៦ ក្រោមបទចោទប្រកាន់ចំនួនពីរ ទី១. រារាំងកិច្ចការមន្ត្រីរដ្ឋបាលព្រៃឈើ តាមមាត្រា១០០នៃច្បាប់ស្តីពីព្រៃឈើ។ ទី២ សមគំនិតក្នុងអំពើដឹកជញ្ជូន និងប្រមូលផលអនុផលព្រៃឈើ តាមមាត្រា៩៨ ខណ្ឌ២ ចំណុច៥ ស្តីពីច្បាប់ព្រៃឈើ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ។

ប៉េអិមពាក់ស័ក្តិ៤ឈ្មោះ សេង ប៊ុនតេង កាលពីម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ត្រូវសមត្ថកិច្ចរដ្ឋបាលព្រៃឈើសៀមរាប ចាប់ក្របួចវាយខ្នោះហើយរៀបចំសំណុំរឿង បញ្ជូនទៅកាន់តុលាការ បន្ទាប់ពីជននេះ បើកឡានរបស់ខ្លួន កាងឡានដឹកឈើគ្រញូង រាំងផ្លូវសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសព្រៃឈើ។ ដែលទង្វើនេះ ធ្វើឡើងចាប់ពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី៩ ខែសីហា តាំងពីចំណុចស្រុកបន្ទាយស្រី រហូតដល់ម៉ោង៥និង៣០នាទីព្រឹកថ្ងៃដដែល ទើបចាប់បាននៅចំណុចផ្លូវជាតិលេខ៦ ក្នុងស្រុកប្រាសាទបាគងនៃខេត្តសៀមរាប។

ក្នុងពេលចាប់ឃាត់ខ្លួនមន្ត្រីប៉េអឹមខាងលើនេះ គឺបានដកហូតរថយន្តឡិចស៊ិស៤៧០ មួយគ្រឿង អាយកូម១គ្រឿង ស្រោមកាំភ្លើងខ្លីចំនួន២ ខ្នោះដៃចំនួន២ គ្រាប់កាំភ្លើងចំនួន៣ គ្រាប់កាំភ្លើងខ្លីម៉ាកឡុក១៤គ្រប់ និងកង់សាគួរថយន្តចំនួន២។ ករណីខាងលើនេះ ត្រូវបានមហាជនកោតសរសើរតុលាការខេត្តសៀមរាបថា អាចឃុំខ្លួនជនល្មើសបាន តែឃុំខ្លួនមិនបានប៉ុន្មានខែផង ក៏ត្រូវបានដោះលែងទៅវិញដោយស្ងាត់ៗតែម្តង៕

sak-4-4sak-4-1sak-4-2sak-4-3

មតិយោបល់