បន្ទាយមានជ័យៈ ក្នុងសកម្មភាពចុះត្រួតពិនិត្យគុណភាពម្ហូបអាហារ របស់មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងក្រសួង នៅតែរកឃើញ និងដកហូត បានទឹកខ្មេះរូបទន្សាយ និងកម្ទេចមី ដែលច្បាប់ហាមឃាត់ នៅលើទីផ្សារចំនួន២ ក្នុងក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ។
លោក ហុង លៀង អនុប្រធានទី១ នៃសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ទទួលបន្ទុកស្ថិតិទីផ្សារ បានឲ្យដឹងថា ដោយទទួលបានការចាត់តាំងពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងក្រោមកិច្ចសហការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាខាដំបូង ខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញបានចុះត្រួតពិនិត្យ គុណភាពទំនិញ ម្ហូបអាហារ និងផ្សព្វផ្សាយ ពន្យល់ ណែនាំ ដល់អាជីវករក្នុងផ្សារចំនួន២ គឺផ្សារត្រី និងផ្សារអគ្គ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើតេស្ដ ទៅលើ បង្គារ មឹក សរសៃគុយទាវ រកសារធាតុបូរ៉ាក់ និងពិនិត្យទំនិញ ដែលហួសកាលបរិច្ឆេទ។ តាមរយៈការពិនិត្យនេះ ឃើញថា អាជីវករ មានការយល់ដឹងខ្ពស់ និងមិនមានការដាក់តាំងលក់នូវទំនិញហួសកាលបរិច្ឆេទទេ ។ តែមន្ត្រីកាំកុងត្រូលបានរកឃើញ និងដកហូតនូវទំនិញដែលច្បាប់ហាមឃាត់មិនឲ្យដាក់តាំងលក់លើទីផ្សារកម្ពុជា ដូចជា ទឹកខ្មេះរូបទន្សាយ ចំនួន១៨ដប និងកម្ទេចមី ចំនួន៤៥កញ្ចប់។
ទោះបីជា អាជីវករមានការយល់ដឹងខ្ពស់យ៉ាងណា មន្ត្រីជំនាញ នៅតែបន្តអប់រំណែនាំ ឲ្យពួកគាត់យល់កាន់តែច្បាស់ លើការពិនិត្យកាលបរិច្ឆេទទំនិញ ប្រភេទទំនិញដែលច្បាប់ហាមឃាត់ និងការលក់ទំនិញដែលមានសារធាតុបូរ៉ាក់៕
មតិយោបល់