ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចៅក្រមសម្រេចឃុំខ្លួន ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ និងបក្ខពួក

ភ្នំពេញៈ ក្រោយសាកសួរពេញមួយថ្ងៃរួចមក នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក វេង ហ៊ត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន លោក គង់ មករា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ និងមន្រ្តីរបស់លោកម្នាក់ ជាបណ្តោះអាសន្នហើយ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា លោក ងិន ពេជ ជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរ ដោយចោទប្រកាន់លើឈ្មោះ គង់ មករា និងឈ្មោះ នួន ផល្លី ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត តាមមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ប្រឆាំងអំពើពុករលួយ។

ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនលោក គង់ មករា ប្រធានប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ និងឈ្មោះ នួន ផល្លី នេះ លោក អ៊ុន ចិន្តា អភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ Post News ថា លោកមិនបានដឹងអំពើបញ្ហានេះទេ។

ដោយឡែក លោក ឱម យិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានថ្លែងប្រាប់ Post News តាមទូរស័ព្ទយ៉ាងខ្លីថា លោកកំពុងរវល់ប្រជុំ ដូច្នេះលោកមិនអាចបញ្ជាក់ពីរឿងរ៉ាវលម្អិតពាក់ព័ន្ធនឹងការឃាត់ខ្លួនលោក លោក គង់ មករា ប្រធានប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ និងបក្ខពួកនេះ បានទេ។

គួររំឭកថា អង្គភាពប្រឆាំងអំពើពុករលួយ បានកោះហៅ លោក គង់ មករា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ និងឈ្មោះ នួន ផល្លី ដើម្បីស្តាប់ចម្លើយកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ និងបានឃាត់ខ្លួនជនសង្ស័យរូបនេះជាមួយបក្ខពួកម្នាក់ទៀត បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត៕

https://youtu.be/b944NwcUW-c

មតិយោបល់