ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(ខ្សឹប) ស៊ីបានចេះតែស៊ីទៅ…

ភ្នំពេញ: មន្ត្រីនគរបាលច្រើនរូប នៅក្រសួងមហាផ្ទៃ បានខ្សឹបប្រាប់មកនាយក្តាមប្រៃយើងនៅឯកង់ទីនក្បែរអគារ គ.ជ.ប ក្នុងក្រសួងមហាផ្ទៃ ឲ្យដឹងថា រដូវប្រឡងជ្រើសរើសក្របខ័ណ្ឌ ចូលបម្រើការងារជាមន្ត្រីនគរបាលជាតិនាពេលប៉ុន្មានថ្ងៃនេះ វាជារដូវកាលដែលមន្ត្រីនគរបាលបុណ្យស័ក្កិធំៗ មុខអាដែលៗ មួយចំនួនត្រូវប៉ាន់ នៅតែត្រូវប៉ាន់ដដែល ឯមន្ត្រីអត់លិឍនៅតែអត់លិឍដដែល។

ក្រុមន្ត្រីនគរបាលខាងលើនោះ បានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា រាល់ការជ្រើសរើសបេក្ខភាពប្រឡងចូលបម្រើជានគរបាលជាតិនេះ មានមន្ត្រីនគរបាលចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើងទៅ ទទួលជ្រើសយកបានពី៣ទៅ៥នាក់ ដើម្បីរកសេវាក្រៅឲ្យអ្នកទាំងបានចូលក្របខ័ណ្ឌជានគរបាលជាតិ។

ប្រភពខាងលើ បានខ្សឹបទៀតថា សេវាក្រៅដែលមន្ត្រីនគរបាលធំៗ គេផ្តល់ជូនជាការដូរពី៣ទៅ៥នាក់នោះ គេសម្រាប់ដាក់សាច់ញាតិខ្លួន ឬអ្នកក្រៅពីសាច់ញាតិខ្លួន ដើម្បីយកលុយតែប៉ុណ្ណោះឯង។ ប្រភពដដែលបានខ្សឹបប្រាប់ទៀតថា អ្នកដែលគេផ្តល់ជាកាដូជូនដល់មន្ត្រីនគរបាល់ធំៗនារដូវរើសបេក្ខភាពចូលបម្រើជានគរបាលជាតិនោះ វាមានល័ក្ខខ័ណ្ឌពិសេស ដែលអ្នកទាំងនោះ មិនត្រូវការកម្ពស់កំពរតាមការកំណត់របស់ក្រសួងមហាផ្ទៃនោះទេ ឲ្យតែពួកគេមានលុយបង់ឲ្យតាមការទាមទាររបស់មន្ត្រីនគរបាលធំៗនោះ ចាប់ពី៣ពាន់ដុល្លារ រហូតដល់៦ពាន់ដុល្លារ ហើយគេក្រូមេឯកសារបានចូលក្របខ័ណ្ឌជាអូតូម៉ាទិចតែម្តង ដោយមិនបាច់ប្រឡងក៏បាន រួចហើយឲ្យទៅរៀននៅសាលានគរបាលជាតិដីឥដ្ឋនៅកៀនស្វាយ ជាការស្រេច។

ប្រភពពីក្រុមមន្ត្រីនគរបាលខាងលើ ដែលមិនដែលបានលិឍពីការជ្រើសរើសចូលនគរបាលនេះ នៅបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា រឿងបែបនេះ វាជាវប្បធម៌របស់មន្ត្រីនគរបាល មានបុណ្យស័ក្កិធំៗ ដែលតែងតែកើតមានជារៀងរាល់ឆ្នាំ។ អញ្ចឹងហើយបានជាមានមន្ត្រីនគរបាលខ្លះ មានកម្ពស់ទាបៗមិនត្រូវតាមលក្ខណ:សម្បត្តិនៃការជ្រើសរើសនោះឡើយ ហើយវាកើតមាននៅទាំងក្នុងក្រសួង នាយកដ្ឋាន និងតាមស្នងការដ្ឋានខេត្តក្រុងទាំងអស់។

ប្រភពខាងលើ នៅបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា គ្រាន់តែនៅអគ្គនាយដ្ឋានអត្តសញ្ញាណកម្មមួយ ប្រកាសរើសមន្ត្រីឲ្យចូលបម្រើការងារតាមផ្នែកនីមួយៗនោះ គឺមន្ត្រីនៅទីនោះ ចាប់ពីថ្នាក់ប្រធានការិយាល័យឡើងទៅ សុទ្ធតែគ្រប់ទឹក ដោយម្នាក់ៗរត់ការរកខ្សែទុយោយ៉ាងគគ្រឹកគគ្រេង ដើម្បីបានចូលកន្លែងខ្លាញ់ ដោយខ្លះហ៊ានចំណាយដល់ខ្ទង់ម៉ឺដុល្លារឯងណោះ។ រីឯអ្នកដែលត្រូវប្រឡងចូលតាមសមត្ថភាពរាប់រយនាក់នោះ ពួកគេសង្ឃឹមតិចទួចណាស់ បានចូលទៅធ្វើការទីនោះ ឬគេថា ជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ព្រោះកៅអីនៅទីនោះ ត្រូវក្រុមអ្នកមានលុយបុកយកស្ទើរតែអស់ទៅហើយ។

ក្រុមមន្ត្រីទាំងនោះ បានលើកឡើងដោយសើចក្អឹកៗថា រឿងរ៉ាវខាងលើនេះ វាមិនខុសអីពីបទចម្រៀង ដែលលោក កែវ វាសនា ច្រៀងបទ «ស៊ីបានចេះតែស៊ីទៅ» នោះទេ៕

មតិយោបល់