ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(ជ្រុង១នៃសង្គម) ស័ក្ដិស្រុកខ្មែរឡូយអ៊ីចឹង “ពាក់បានចេះតែពាក់ទៅ”

ភ្នំពេញ: នៅក្នុងសង្គមស្រុកខ្មែរយើងឥឡូវនេះមិនថាតែមានការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ គឺវារីកចម្រើនខ្លាំងថែមទៀតនោះ ខាងឋានន្តរស័ក្ដិតែម្តង ដោយគ្រាន់តែផ្កាយទាំងប៉ូលិស ទាំងទាហាន ទាំងប៉េអឹម វាស្ទើរតែរះពេញផ្ទៃមេឃក្នុងស្រុកខ្មែរទៅហើយ ស័ក្កិ៤ស័ក្កិ៥វិញ ក្រឡេកទៅទីណាក៏ឃើញដែរ។ នេះបានគេហៅថា ស័ក្ដិស្រុកខ្មែរយើងគឺអ៊ីចឹង “ពាក់បានចេះតែពាក់ទៅ”

ទន្ទឹមនឹងមានការរីកចម្រើនមួយជ្រុងខាងឋានន្តរស័ក្ដិនៅលើស្មារបស់មន្ត្រីនគរបាល មន្ត្រីយោធា និងមន្ត្រីអាវុធហត្ថ នោះវាធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងក្លាផងដែរ ដោយសារតែស័ក្ដិ ដែលត្រូវបំពាក់លើស្មានោះ ត្រូវបានបំពាក់ដល់មន្ត្រីវ័យក្មេងៗ ដែលគេដឹងថា អ្នកទាំងនោះសុទ្ធសឹងជាកូនចៅមន្ត្រីមានបុណ្យស័ក្ដិធំៗ ដែលទើបតែចូលបម្រើការងារក្នុងជួរនគរបាល អាវុធហត្ថ និងយោធា ម៉ាថ្ងៃនោះសោះ។

ពាក់ព័ន្ធនឹងឋានន្តរស័ក្ដិនេះមានមន្ត្រីនគរបាល និងយោធាដែលមានវ័យចំណាស់ៗ បានលើកឡើងថា ពួកគាត់បានចូលបម្រើការងារស្ទើរមួយជីវិតទៅហើយ ប៉ុន្តែនិយាយពីឋានន្តរស័ក្ដិវិញ ខ្លះទើបតែបានស័ក្ដិ៣ ស័ក្ដិ៤ និងខ្លះបានពាក់ផ្កាយផងដែរ។ ពួកគាត់បានលើកឡើងទៀតថា អ្នកបម្រើការងារស្ទើរតែមួយជីវិតនោះចូលមកដល់សម័យទំនើបនេះគេមិនសូវមើលឃើញពីអតីតភាពពួកគាត់ទេ ពួកគាត់ពាក់ស័ក្ដិក្រិនរាប់សិបឆ្នាំហើយ រីឯការងារវិញរកតែពេលសម្រាកមិនចង់បាន ប្រើនោះប្រើ(sic) ។

ចំណែកឯមន្ត្រីវ័យក្មេងៗ ដែលខ្លះទើបតែមានអាយុមិនទាន់ដល់២៥ឆ្នាំ មិនសូវមានមុខមកធ្វើការងារ និងមិនទាន់មានជំនាញច្បាស់លាស់ ហើយពាក់ស័ក្កិពេញៗលើស្មាតែម្តង រហូតខ្លះពាក់ដល់ផ្កាយ១ ផ្កាយ២ ផ្កាយ៣ទៀតផង និងខ្លះពាក់ស័ក្ដិបង្អួតស្រី ញ៉ែស្រី បង្កឲ្យមានបញ្ហាដល់សង្គម ដែលធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នសមត្ថកិច្ចទៀតផង។

ពាក់ព័ន្ធនឹងបញ្ហាឋានន្តរស័ក្ដិនេះដែរ ត្រូវបានគេលើកឡើងថា កាលពីប៉ុន្មានឆ្នាំមុនប្រមុខរដ្ឋាភិបាលបានធ្វើការកាត់បន្ថយឋានន្តរស័ក្ដិម្តងរួចមកហើយ។ តែមិនទាន់បានមួយដង្ហើមចង្រិតផង ការងារបំពាក់ស័ក្ដិបានកក្រើកឡើងវិញដដែល។ ហេហេ! ស័ក្ដិស្រុកខ្មែរឡូយអ៊ីចឹង ពាក់បានចេះតែពាក់ទៅ”

មតិយោបល់