ព័ត៌មានជាតិ

ចោទថា ជាចោរឆក់ទូរស័ព្ទ ក្រោយពីជិះម៉ូតូឲ្យលុយមិនគ្រប់

ភ្នំពេញៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីអ្នករត់ម៉ូតូឌុបបានសម្រេច ហើយព្យាយាមគេចខ្លួន ប៉ុន្តែអស់ផ្លូវ ត្រូវប្រជាពលរដ្ឋក្របួចជាប់កាលពីម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ នៅខាងលិចស្ពានអាកាស៧មករាផ្លូវសហព័ន្ធរុស្ស៊ីភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះឆេង ផេង អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងរាំងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំណែកអ្នករត់ម៉ូតូឌុបក្រោយកើតហេតុមិនបានមកដាក់ពាក្យបណ្តឹងឡើយ។

ប្រភពបានប្រាប់ថា មុនកើតហេតុឃើញជនសង្ស័យជិះម៉ូតូឌុបម៉ាកហុកដា សេ១២៥ ពណ៌ខ្មៅ ក្នុងទិសដៅឆ្លងស្ពានអាកាស៧មករាពីកើតមកលិច ខណៈមកដល់ចំណុចបានឲ្យម៉ូតូឈប់ ពេលនោះស្រាប់តែបានឮសំឡេងម្ចាស់ម៉ូតូស្រែកចោរៗឆក់ទូរស័ព្ទដៃរបស់គាត់ ហើយឃើញជនសង្ស័យរត់ឆ្លងផ្លូវចូលក្នុងដីឡូមួយកន្លែង ត្រូវប្រជាពលរដ្ឋព័ន្ធចាប់ បានភ្លាមៗតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានប្រាប់ថា គាត់មិនបានឆក់ទូរស័ព្ទដៃបុរសខាងលើឡើយ ហើយជនសង្ស័យបានប្រាប់ទៀតថា នៅមុនកើតហេតុគាត់បានហៅម៉ូតូឌុបចេញពីម្តុំវត្តភ្នំដោយមកចំណុចខាងលើក្នុងតំម្លៃ៤០០០រៀល ខណៈមកដល់គាត់មានលុយតែ១០០០រៀលឲ្យ ពេលនោះអ្នករត់ម៉ូតូឌុបបានដកទូរស័ព្ទដៃមិនស្គាល់ម៉ាកមកតេដោយគំរាមថា ហៅប៉ូលិសមកចាប់ខ្លួន ដោយសារខ្លួនភ័យក៏រត់ឆ្លងផ្លូវតែម្តង ហើយត្រូវគេចាប់ឃាត់ខ្លួនដោយចោទថា ឆក់ទូរស័ព្ទទៅវិញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់សាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា និងកសាងសំណុំរឿងទៅអធិការនគរបាលខណ្ឌសែនសុខ៕

photo_2016-10-05_14-34-25photo_2016-10-05_14-34-29photo_2016-10-05_14-34-33

មតិយោបល់