តាកែវៈ តាមចម្លើយសារភាពពីនារីសង្ស័យជាឃាតក ត្រូវបានប្រាប់អធិការនគរបាលស្រុកទន្លេបាទីលោក ងាន់ សារី បានដឹងថា ខ្លួន (ឃាតក) និងនារីរងគ្រោះឈ្មោះ ជា សុជាតិ ជាមិត្តភក្តិធ្លាប់មកលេងបន្ទប់ និងផឹកស៊ីជាមួយគ្នា ហើយក្រោយមកនាងក៏បបួលនារីរងគ្រោះទៅលេងនៅរមណីដ្ឋានទន្លេបាទី ខណៈដែលនារីរងគ្រោះកំពុងដេកផ្អៀង ខ្លួន(ឃាតក)ក៏បានយកកាំបិតប៉័ងតោចេញពីកាបូបកាប់ជាច្រើនកាំបិត ហើយអូសនារីរងគ្រោះទម្លាក់ទឹកតែម្ដង ក្រោយពីធ្វើសកម្មភាពរួច ខ្លួន (ឃាតក) បានប្រមូលលុយ ទូរស័ព្ទ និងគ្រឿងអលង្ការ រួមទាំងម៉ូតូម៉ាកវេវមួយគ្រឿងជិះគេចខ្លួនបាត់តែម្ដង។
នារីជាឃាតកបានបន្តថា ក្រោយពីធ្វើសកម្មភាពរួច រូបនាងជិះម៉ូតមកភ្នំពេញ ហើយបានយកម៉ូតូទៅបញ្ចាំនៅកាស៊ីណូណាហ្គាវើលបានចំនួន៣០០ដុល្លារ និងទូរស័ព្ទបាន៦០ដុល្លារ ហើយចូលលេងល្បែងក្នុងទីនោះតែម្ដង។
លោកអធិការបានបញ្ជាក់ថា នារីជាឃាតកដែលជាមនុស្សញៀនល្បែងមានឈ្មោះ សាត មករា (ហៅស្រីនី) អាយុ២៥ឆ្នាំ ស្នាក់នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌចាប់ខ្លួនបាននៅចំណុចផ្សារតានី ភូមិត្រពាំងចក ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ។
ដោយឡែកបើតាមឪពុកនារីរងគ្រោះឈ្មោះ អ៊ូ ជា បានប្រាប់ឲ្យថា សម្ភារៈដែលបានបាត់បង់ រួមមាន ម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពាក់ស្លាកលេខ កណ្ដាល 1S-6861 កងដៃប្លាទីន៣ជី ខ្សែកប្លាទីន៣ជី ក្រវិល ទូរសព្ទ័ដៃម៉ាកអាយហ្វូន១គ្រឿង និងលុយកាក់មួយចំនួនទៀត ។
ឪពុកជនរងគ្រោះបានឲ្យដឹងបន្ថែមថា នៅព្រឹកថ្ងៃទី២០ កក្កដា ជនរងគ្រោះបានរៀបចំខ្លួនថាទៅលាលារៀន ដោយជិះម៉ូតូទៅដូចសព្វមួយដង ។ លុះដល់រសៀលថ្ងៃដដែលមានគេទូរសព្ទ័មកប្រាប់ថា មនុស្សស្រីដែលគេសម្លាប់នៅរមណីយដ្ឋានទន្លេបាទី ដូចកូនស្រីគាត់ គាត់ក៏បានទូរស័ព្ទទៅលេខកូនគាត់ តែតេមិនចូល ហើយក៏បានប្រញាប់ទៅពិនិត្យសព ទើបស្គាល់ច្បាស់ថា ជាកូនស្រីគាត់ពិតប្រាកដមែន។
សូមរំឭកថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលមួយនៅរមណីយដ្ឋានទន្លេបាទី ខណៈគេបានឃើញនារីម្នាក់ឃាតកកាប់ជាច្រើនកាំបិត អូសទម្លាក់ទឹក ហើយបានរាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យ និងស្រងសាកសពមកលើគោក។ ខណៈនោះសមត្ថកិច្ចសន្និដ្ឋានថា ជាអំពើឃាតកម្មគិតទុកជាមុន ដែលឃាតកអាចជាអ្នកស្គាល់គ្នាជាមួយនារីរងគ្រោះ ដោយបានរៀបចំផែនការបបួលនារីរងគ្រោះទៅលេងនៅទន្លេបាទី ហើយធ្វើសកម្មភាពសម្លាប់នារីរងគ្រោះតែម្ដង។
នារីរងគ្រោះ ឈោះ ជា សុជាតិ ភេទស្រី អាយុ២២ឆ្នាំ ជានិសិត្យឆ្នាំទី៣ ផ្នែកអក្សរសាស្ត្រអង់គ្លេស និងជាបុគ្គលិកបណ្ដែត នៃមន្ទីរទេសចរណ៍ខេត្តកណ្តាល និងជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាអន្តរជាតិអាស៊ាននៅភ្នំពេញ មានទីលំនៅបច្ចុប្បន្ននៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
បច្ចុប្បន្ននារីជាឃាតក ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដោយចោទប្រកាន់ពីបទប្លន់ និងមនុស្សឃាតគិតទុកជាមុន ដើម្បីបញ្ជូនទៅតុលាការចាត់បន្តតាមនីតិវិធីច្បាប់៕

មតិយោបល់