ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ដាយ សារ៉ាយ សក្ខណា បំភ្លឺរឿងគេចោទថា ម៉ែយ៉ែម

ភ្នំពេញៈ ឆ្លើយតបនឹងការចោទសួររបស់ភ្នាក់ងារ Post News ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ម្ចាស់គណនី Marie Young ដែលបានបង្ហោះថា អ្នកស្រី គឺជាម៉ែយ៉ែម អ្នកស្រី ផាន់ សម្ផស្ស ម្ដាយរបស់អ្នកនាងសារ៉ាយ សក្ខណា បានផ្ដល់សម្ភាសន៍បកស្រាយពីបញ្ហានេះ។ យ៉ាងណាអ្នកស្រីបានបញ្ជាក់ថា មិនចង់ឲ្យមានព័ត៌មានវែងឆ្ងាយនោះទេ ដោយសារតែអ្នកស្រីមិនចង់ឲ្យមានការយល់ច្រឡំរីកធំជាងអ្វីដែលបានបង្ហោះ។

អ្នកស្រីបញ្ជាក់ថា រឿងដែលបានបង្ហោះឡើងអ្នកស្រីបានឃើញរួចហើយ ហើយអ្នកស្រីក៏មានអារម្មណ៍ភ្ញាក់ផ្អើលផងដែរ ដោយសារតែរឿងរ៉ាវនោះ គឺធ្វើឲ្យអ្នកស្រីខូចឈ្មោះ ក្នុងពេលដែលអ្នកស្រីមិនបានដឹង។ អ្នកស្រីនិយាយថា «អត់ទេរឿងនឹងខ្ញុំអត់បានដឹងទេ ធម្មតាយើងបើកហាង គឺភ្ញៀវណាក៏យើងរាក់ទាក់ដែរ ចឹងអត់មានដូចអ្វី ដែលបង្ហោះថា យើងទាក់អ្នកនេះឲ្យអ្នកនោះចឹងទេ!»។ អ្នកស្រីថា នោះជារឿងភាន់ច្រឡំ ហើយអ្នកស្រីក៏នឹងមានវិធានការដោះស្រាយឲ្យចប់សព្វគ្រប់ បើទោះអ្នកស្រីមិនទាន់បង្ហើបថា វិធានការនោះអាចជាការដាក់បណ្ដឹងពីបទបរិហាកេរ្តិ៍ ឬយ៉ាងណា។ អ្នកស្រីបានត្រឹមតែបង្ហើបថា នឹងធ្វើឲ្យរឿងរ៉ាវទាំងមូលត្រូវបានបញ្ចប់ឲ្យបានឆាប់បំផុត ដើម្បីកុំឲ្យភាគីខាងភរិយាដើមបន្តយល់ច្រឡំ។ អ្នកស្រីនិយាយថា «រឿងនឹងដោះស្រាយរឿងនឹង ព្រោះវាប៉ះពាល់ តែអត់ទាន់និយាយទេ ចាំមើលជួបនិយាយគ្នាសិន!»

មិនខុសគ្នាដែរ អ្នកនាង សារ៉ាយ សក្ខណា បានអះអាងថា ម្ដាយរបស់នាងមិនអាចជាមនុស្សដែលដឹកញីប្រស៊ីឈ្មោល ដែលនាំឲ្យពិធីការិនីទូរទស្សន៍ CTV8HD នាង សូ អែណា និងបុរសដែលមានប្រពន្ធកូនម្នាក់នោះបានទាក់ទងគ្នាទេ។ អ្នកនាងបញ្ជាក់ថា នោះជារឿងឯកជនដែលអ្នកនាង និងម្ដាយមិនអាចទៅលូកដៃកើតទេ ប្រសិនបើភាគីរបស់សាមីខ្លួនគេមិនត្រូវរ៉ូវគ្នាណាមួយ។ អ្នកនាងនិយាយថា មិនអាចឲ្យភ្ញៀវមកហូបចុកនៅក្នុងហាងរបស់នាង ទាល់តែម្ដាយរបស់អ្នកនាងជាអ្នកណែនាំទើបគេអាចទាក់ទងគ្នាបានទេ ដោយសារតែភាពជាក់ស្ដែង គឺម្ដាយរបស់នាង និងនាងរវល់លក់ដូរ និងមានពេលអង្គុយរាក់ទាក់ភ្ញៀវតិចបំផុត។

អ្នកនាងនិយាយថា «ខ្ញុំហ៊ានធានាថា រឿងម្ដាយខ្ញុំអត់បានលូកដៃចឹងទេ ចឹងខ្ញុំសុំកុំឲ្យបងប្អូនគាត់យល់តាមការបង្ហោះហ្នឹង ព្រោះខ្ញុំយល់ថា អ្វីៗគឺជារឿងយល់ច្រឡំសុទ្ធសាធ!»។ អ្នកនាងថា ខ្លួននឹងចេញមុខដោះស្រាយលើបញ្ហានោះ ដោយសារតែអ្នកនាង និងម្ដាយក៏មានទំនាក់ទំនងជាមួយភរិយាដើម មុនពេលមានការយល់ច្រឡំនោះដែរ។ អ្នកនាងទទូចកុំឲ្យមានការចុះផ្សាយណាមួយ ដែលនាំឲ្យមានការយល់ច្រឡំថា ម្ដាយរបស់នាង និងរូបនាង គឺជាអ្នកពាក់ព័ន្ធលើបញ្ហានោះ ដោយសារតែរឿងរបស់ពិធីការិនី សូ អែណា ក្រោយពីមានការបង្ហោះថា មានទំនាក់ទំនងជាមួយប្ដីគេនោះ។ យ៉ាងណានាងថា សុំមិននិយាយលម្អិតលើករណីនោះទេ ដរាបណាអ្នកនាង និងភាគីខាងភរិយាដើមមិនទាន់បានជជែកគ្នាដោយផ្ទាល់មាត់។

គេកំពុងចាំមើលដំណោះស្រាយរបស់ភាគីទាំងពីរ តែយោងតាមការបញ្ជាក់របស់ សារ៉ាយ សក្ខណា ដោយសារមិនចង់មានរឿងវែងឆ្ងាយ៕

photo_2016-08-01_10-08-42photo_2016-08-01_10-08-44photo_2016-08-01_10-08-46photo_2016-08-01_10-08-49photo_2016-08-01_10-08-50photo_2016-08-01_10-08-52photo_2016-08-01_10-08-56photo_2016-08-01_10-08-59photo_2016-08-01_10-09-01photo_2016-08-01_10-09-03photo_2016-08-01_10-09-06

មតិយោបល់