ភ្នំពេញៈ យុវជនម្នាក់ ត្រូវក្រុមចោរមានគ្នាពីរនាក់ បាញ់ពីរគ្រាប់បណ្តាលឲ្យរងរបួសជាទម្ងន់ ដើម្បីប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច ហើយជិះគេចខ្លួនដោយសុវត្ថិភាព ខណៈដែលជនរងគ្រោះចុះទៅដកលុយពីម៉ាស៊ីន ATM នៅមុខហាងកាហ្វេ ដេលី តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន កាលពីវេលាម៉ោងប្រមាណ១៖២០នាទី អធ្រាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦។
សាក្សីឃើញហេតុការណ៍ឲ្យដឹងថា នៅមុនពេលកើតហេតុ គ្រាដែលជនរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ មិនចាំស្លាកលេខ តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច ហើយពេលនោះ ជនរងគ្រោះបានជិះម៉ូតូបត់ឆ្វេងឡើងចិញ្ចើមផ្លូវ ក្នុងគោលបំណងទៅដកលុយពី ATM ដែលនៅទល់មុខហាងកាហ្វេ ដេលី ស្រាប់តែលេចមុខជនល្មើស២នាក់ ជិះម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាកបានជិះមកឈប់ក្បែរជនរងគ្រោះ ហើយបក្ខពួកជនល្មើសក៏ដកកាំភ្លើងមកភ្ជង់ជនរងគ្រោះ។ ដោយជនរងគ្រោះឃើញបែបនេះ ក៏ព្យាយាមប្រទាញប្រទង់ជាមួយជនល្មើស ទើបធ្វើឲ្យជនល្មើសបាញ់ប្រហារមកលើជនរងគ្រោះចំនួន៣គ្រាប់ តែត្រូវពីរគ្រាប់ ក្នុងនោះត្រូវភ្លៅស្ដាំមួយគ្រាប់ និងក្បែរក្លៀកខាងស្តាំមួយគ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ក្រោយធ្វើសកម្មភាព ក្រុមចោរបានឡើងជិះម៉ូតូរបស់ជនរងគ្រោះគេចចេញទៅបាត់ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចបន្តិចណាសោះឡើយ បើទោះជាស្នូរកាំភ្លើងចំនួន៣គ្រាប់ បានលាន់ឮឡើងរំពងក្រុងក្នុងពេលរាត្រី។
ទោះជាយ៉ាងណា មិត្តភ័ក្ររបស់ជនរងគ្រោះឲ្យដឹងថា ពួកគេបានញុាំអីជុំគ្នា ហើយជនរងគ្រោះបានទាមទារជិះម៉ូតូម្នាក់ឯងមកក្រៅដើម្បីដកលុយ ប៉ុន្តែមិនទាន់បាន២០នាទីផង គេក៏បានទទួលដំណឹងថា ជនរងគ្រោះត្រូវចោរបាញ់ប្លន់យកម៉ូតូបាត់ទៅហើយ។ បន្ទាប់ពីកើតហេតុ ម្ចាស់ម៉ូតូដែលរងរបួសដេកក្នុងថ្លុកឈាមនោះ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រ។
ជុំវិញហេតុការណ៍នេះ ប្រជាពលរដ្ឋនៅក្រុងភ្នំពេញ បាននិយាយថា ទីក្រុងសព្វថ្ងៃនេះ ពិតជាគួរឲ្យខ្លាចណាស់ ជាពិសេសនៅពេលរាត្រីតែម្តង ព្រោះថា សកម្មភាពឆក់ប្លន់កើតមានឡើងមិនចេះចប់មិនចេះហើយ មានគ្រប់រូបភាពតែម្ដង មានទាំងកាប់ មានទាំងបាញ់ មានទាំងវាយ។ បើទោះជាទីក្រុងភ្នំពេញ មានសមត្ថកិច្ចធ្វើការល្បាតគ្រប់ច្រកយ៉ាងណាក៏ដោយ បទល្មើសឆក់ប្លន់នេះ នៅមិនបានធូរស្បើយឡើយ កាន់តែបង្ក្រាប កាន់តែកើត កាន់តែចាប់ កាន់តែមាន។ ប្រជាពលរដ្ឋសង្ឃឹមថា ទីក្រុងភ្នំពេញ នឹងមានសុវត្ថិភាពល្អប្រសើរឡើងវិញ នៅពេលខាងមុខ៕
មតិយោបល់