ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តុលាការឃុំខ្លួនគ្រូពេទ្យឆ្មប ហាប់ សានឡុង ពាក់ព័ន្ធករណីរំលូតកូន (វិដេអូ)

ភ្នំពេញៈ នៅទីបំផុត! អ្នកគ្រូពេទ្យ ហាប់ សានឡុង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នហើយ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ។ តុលាការបានសម្រេចចោទប្រកាន់គ្រូពេទ្យឆ្មបរូបនេះ តាមមាត្រា៥ និងមាត្រា១២ នៃច្បាប់ស្ដីពីការរំលូតកូន។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា ឲ្យដឹងតាមបណ្ដាញសង្គម Telegram នៅម៉ោង៤៖៥០នាទី រសៀលនេះថា តុលាការសម្រេចឃុំខ្លួនអ្នកគ្រូពេទ្យបណ្ដោះអាសន្នដើម្បីធ្វើការស៊ើបអង្កេតបន្ត។ លោកបញ្ជាក់ថា “លោក គុជ គឹមឡុង ជាព្រះរាជអាជ្ញារង ដែលចាត់ការសំណុំរឿងអ្នកគ្រូពេទ្យឈ្មោះ ហាប់ សានឡុង បានបើកការស៊ើបសួរដោយចោទប្រកាន់តាមមាត្រា៥ និងមាត្រា១២ នៃច្បាប់ស្តីពីការរំលូតកូន និងបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត។ បន្ទាប់ពីសួរចម្លើយ និងពិភាក្សាដេញដោលចំពោះមុខរួចមក លោក ធាម ចន្ទ័ពិសិដ្ឋ ជាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្ន”

គួររំឭកថា កាលពីជាងមួយសប្ដាហ៍មុន ស្រ្តីមានផ្ទៃពោះម្នាក់ បានទូរស័ព្ទចូលក្នុងវិទ្យុ ABC ថា រូបគាត់បានទៅឲ្យអ្នកគ្រូពេទ្យ ហាប់ សានឡុង ធ្វើការពិនិត្យផ្ទៃពោះ ដោយអ្នកគ្រូពេទ្យរូបនេះប្រាប់ថា កូនក្នុងផ្ទៃរបស់គាត់មានបញ្ហា ហើយគាត់(អ្នកគ្រូពេទ្យ)បានឲ្យលេបថ្នាំ រួចឲ្យត្រឡប់មកផ្ទះវិញ មិនបានប៉ុន្មានផង ស្រាប់តែរូបគាត់មានអាការៈមិនស្រួលខ្លួន ហើយកូនក្នុងផ្ទៃរបស់គាត់បានរលូតចេញមក។

ករណីនេះ ត្រូវបានគេដាក់បន្ទុកថា អ្នកគ្រូពេទ្យ ហាប់ សានឡុង អាចជាប់ចោទពីបទល្មើសបង្ខំរំលូតកូន ដោយកេងប្រវ័ញ្ចខុសវិជ្ជាជីវៈរបស់គ្រូពេទ្យ។ ទោះជាបែបនេះក្ដី Post News មិនអាចទំនាក់ទំនងសុំពន្យល់ពីខាងអ្នកគ្រូពេទ្យ ដែលរងការចោទប្រកាន់បានទេ៕

nurse_court_12-08-16photo_2016-08-08_15-54-29photo_2016-08-08_15-54-26photo_2016-08-08_15-54-50

https://youtu.be/4GsmmVi-Vmg

មតិយោបល់