ភ្នំពេញៈ ភ្លាមៗ ក្រោយប្រតិកម្មពីសំណាក់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៣ ខែសីហានេះ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដកតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ ជាបណ្ណោះអាសន្ន ប៉ុន្តែក្រសួងសុខាភិបាល មិនទាន់ទទួលលិខិតជាផ្លូវការទេ គិតត្រឹមម៉ោង១១៖៤០នាទីព្រឹកនេះ។ ប្រភពផ្លូវការពីខុទ្ទកាល័យ សម្ដេចនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ពិតជាមានការដកតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មែន ប៉ុន្តែមិនទាន់ផ្លូវការទេ។
ក្រុមការងារស្ថានីយ៍វិទ្យុ អេប៊ីស៊ី បានប្រាប់ Post News ថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានទូរស័ព្ទចូលអេប៊ីស៊ី នៅមុននេះបន្តិច ដោយប្រកាសដកតំណែងលោក សុខ សុគន្ធ ពីប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន។ ជាមួយគ្នានោះ ក្រុមការងារអេប៊ីស៊ី និងប្រជាពលរដ្ឋដែលជាប្រិយមិត្តក៏បានសាទរគាំទ្រចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រីផងដែរ។ «ដើម្បីធ្វើការប៉ះប៉ូវ ខ្ញុំអត់មានជម្រើសណាផ្សេង ខ្ញុំបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលហើយ ឲ្យដកប្រធានមន្ទីរសុខាភិបាលហើយ…»។ សម្ដេចបញ្ជាក់។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ បានប្រាប់ Post News នៅព្រឹកថ្ងៃទី១៣ ខែសីហានេះថា ខាងក្រសួងពិតជាទទួលដំណឹងថា សម្ដេចបានសម្រេចដកតំណែងលោក សុខ សុគន្ធ ប្រាកដមែន ប៉ុន្តែមិនទាន់ផ្លូវការទេ ដោយសារក្រសួងមិនទាន់ទទួលបានលិខិត។
ទន្ទឹមនឹងនោះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសផ្ដល់រថយន្តសង្គ្រោះបន្ទាន់ចំនួន២គ្រឿង ទៅឲ្យស្ថានីយ៍វិទ្យុ អេប៊ីស៊ី ផងដែរ បន្ទាប់ពីសម្ដេចអន្តរាគមន៍បញ្ជាឲ្យដោះលែងរថយន្តរបស់ អេប៊ីស៊ី ដែលត្រូវបានជាប់ឃុំអស់រយៈពេលប៉ុន្មានថ្ងៃ នៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នាព្រឹកនេះ៕
https://youtu.be/UCjnifSpn8I
https://youtu.be/k872BZ41AgM
មតិយោបល់