មណ្ឌលគិរីៈ នារីក្រមុំម្នាក់ ដែលគេអះអាងថា ជាជនពិការជើងម្ខាងបានតូចចិត្ត នឹងឪពុកបង្កើតរបស់ខ្លួន ក៏សម្រេចចិត្តរត់ចូលព្រៃទាំងយប់ លែងចង់រស់នៅ ដោយសារតែឪពុកចិត្តអប្រិយរូបនេះ ចាប់រំលោភរូបនាង។
នៅចំពោះមុខសមត្ថកិច្ចស្រុកកោះញែក នាងបាននិយាយថា នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅក្នុងភូមិរបស់ខ្លួន មានកម្មវិធីផឹកស៊ី ម្តាយរបស់នាង បានចូលរួមផឹកស៊ីក្នុងកម្មវិធីនោះដែរ ក៏បានស្រវឹងជោកជាំ ម្តាយក៏ចូលដេកជាមួយកូនពៅរបស់ខ្លួនលង់លក់។ ចំណែករូបនាងបានចូលដេកក្នុងបន្ទប់របស់ខ្លួនជាធម្មតា ស្រាប់តែនៅម៉ោងប្រមាណ១២កណ្តាលអធ្រាត្រ ក៏ឃើញឪពុកបង្កើតរបស់ខ្លួនឈ្មោះ តុត ព្រុត អាយុ៥៦ឆ្នាំ ជនជាតិព្នង មានតួនាទីជាមេភូមិ បានលបចូលមកក្នុងបន្ទប់របស់នាង ហើយចាប់សម្រាត ខោអាវនាង រួចចាប់ផ្តើមរំលោភនាងរហូតបានសម្រេច បើទោះបីនាងខំស្រែក ខំរើបម្រាស់យ៉ាងណាក៏ដោយ ក៏ឪពុកចិត្តអប្រិយរូបនោះនៅតែប្រើកម្លាំងបាយរំលោភដដែល។
នារីរងគ្រោះបានបន្ដទៀតថា ដោយសារតូចចិត្តនឹងឪពុកបង្កើតរំលោភកូនស្រី ខ្លួនឯងយ៉ាងដូច្នេះ រូបនាងបានសម្រេចចិត្តរត់ចូលព្រៃទាំងយប់ ដោយមិនចង់ឲ្យមនុស្សណាម្នាបានដឹងរឿងរ៉ាវដ៏អាក្រក់របស់រូបនាងឡើយ។ ប៉ុន្ដែនាងបានគិតច្បាស់ ក៏បានចេញពីព្រៃ ដើម្បីពឹងគេឲ្យជូនទៅដាក់ពាក្យប្តឹង ដល់សមត្ថកិច្ច ឲ្យចាប់ឪពុកចិត្តអប្រិយរូបនេះផ្ដន្ទាទោសតាមផ្លូវច្បាប់។
សមត្ថកិច្ចស្រុកកោះញែកបានឲ្យដឹងថា នារីពិការជើងម្ខាងម្នាក់បានចេញពីក្នុងព្រៃ មកប្តឹងនគរបាលស្រុកកោះញែកឲ្យឃាត់ខ្លួនឪពុកបង្កើតរបស់ខ្លួន មានឈ្មោះ តុត ព្រុត អាយុ៥៦ឆ្នាំ ជនជាតិព្នង និងជាមេភូមិក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ពីបទចាប់រំលោភនាងរហូតបានសម្រេច។
លោកបានបន្ដទៀតថា បន្ទាប់ពីបានទទួលពាក្យបណ្ដឹង ភ្លាមពីក្មេងស្រីរងគ្រោះ កម្លាំងនគរបាលស្រុកកោះញែក បានធ្វើការឃាត់ខ្លួនជនសង្ស័យជាឪពុកបង្កើតរបស់នាង យកមកកាន់ស្រុកកោះញែក ដើម្បីសួរនាំ។ ចំពោះមុខសមត្ថកិច្ចនគរបាលស្រុកកោះញែក ជនសង្ស័យជាឪពុករូបនោះ នៅតែឆ្លើយបដិសេធថាខ្លួនមិនបានប្រព្រឹត្ត។
បច្ចុប្បន្នជនសង្ស័យជាឪពុក ត្រូវបានសមត្ថកិច្ចស្រុកកោះញែក បញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕
មតិយោបល់