ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ខិត្តប័ណ្ណបកអាក្រាតលោកព្រះរាជអាជ្ញារង និងប៉ូលិសស័ក្ដិ៣ ផ្អើលក្រុងក្រចេះ

ក្រចេះ: ខិត្តប័ណ្ណរាប់រយសន្លឹក ត្រូវបានជនអនាមិកបានយកទៅបាចសាចពាសពេញទីរួមខេត្តក្រចេះ ពិសេសបាចតាមមុខមណ្ឌលប្រឡងតាំងពីព្រឹករហូតដល់ល្ងាចថ្ងៃទី២២ សីហា ចំថ្ងៃដែលប្រឡងបាក់ឌុប បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។ ក្នុងខ្លឹមសារនៃខិត្តប័ណ្ណនោះត្រូវបានគេសរសេរពេញ១ទំព័រតែម្តង ដោយបកអាក្រាតពីសកម្មភាពមិនប្រក្រតីរបស់លោក ហាក់ ហ៊ាន់ មានតួនាទីជាព្រះរាជអាជ្ញារងខេត្តក្រចេះ និងលោក ហេង ចន្ថា មន្ត្រីប៉ូលិសសេដ្ឋពាក់ស័ក្តិ៣។

ក្នុងលិខិតដែលជនអនាមិកបាចពេញក្រុងក្រចេះនោះ មានខ្លឹមសារដូចតទៅ ៖ ១.លោកស័ក្តិ៣ ហេង ចន្ថា ប៉ូលិសខេត្តក្រចេះ តែងតែដើរជំរិតទារលុយ និងដាក់កុងត្រូលយកលុយពីអ្នករកស៊ីគ្រប់ច្រកល្ហកក្នុងខេត្តក្រចេះ មិនឲ្យសេសសល់ អ្នកណាម្នាក់ឡើយ ដាក់ខែតាមកន្លែងស្តុក ឬដេប៉ូ ព្រមទាំង សិប្បកម្ម១ ខែចាប់ពី២០ដុល្លារ ទៅ៥០ដុល្លារ ឈើជន្លង់ម្រេច១ឡានស្មើ៥ដុល្លារ គោយន្តដឹកជន្លង់ម្រេច១ស្មើ៥ដុល្លារ ឈើដឹកតាមរ៉ឺកម៉ក១ស្មើ ៥ដុល្លារ ម៉ូតូមួយស្មើ១០០០០រៀល ដឹកតាមរថយន្តតូចធំ១០០ដុល្លារ ទៅ២០០ដុល្លារ ដោយប្រើប្រាស់ឡានផ្ទាល់ខ្លួន លេខភ្នំពេញ ១៣១១ ម៉ាកតាកូម៉ា១បាំងកន្លះ ពណ៌ទឹកប្រាក់ និងបើកដេញកាត់គេឯង រាល់ថ្ងៃរាល់យប់ ដោយអាងបេសកកម្មរបស់ លោក ហាក់ ហ៊ាន់ ក្នុង១ខែៗយកលុយរាប់ម៉ឺនដុល្លារ ឲ្យទៅលោក ហាក់ ហ៊ាន់ ដែលជាព្រះរាជអាជ្ញារងខេត្តក្រចេះ ហើយលោក ហេង ចន្ថា ទទួលលាភវិញ ក្នុង១០០០ដុល្លារ ទៅ៣០០០ដុល្លារ។

២. ហេង ចន្ថា តែងតែដើរគំរាមថា របស់មុននឹងចេញ ត្រូវតេប្រាប់មុន បើមិនប្រាប់ អ្នកណាក៏ដោយ ក៏គេមិនខ្លាចដែរ ចាប់ទាំងឡាន ទាំងរបស់ និងមនុស្ស យកដាក់គុក ហើយឈ្មោះ ហេង ចន្ថា នេះ ជាអ្នករត់ការដោះជាមួយ ហាក់ ហ៊ាន់។ រាល់ថ្ងៃ ហាក់ ហ៊ាន់ ជួលផ្ទះ ហេង ចន្ថា តែ ហេង ចន្ថា មិនដែលយកលុយទេ។

៣. ហេង ចន្ថា រូបនេះរាល់ថ្ងៃ តែងតែរកស៊ីដឹកឈើដោយខ្លួនឯង តាមរថយន្ត ធុនត្រា ពណ៌ទឹកប្រាក់យកទៅលក់នៅផ្ទះឈ្មោះ ក្រឹង នៅស្រុកស្នូល និងធ្វើឲ្យសមត្ថកិច្ច តាមដងផ្លូវមិនហ៊ានបង្រ្កាប តែថ្ងៃមួយស៊យ អីលួចលាក់សមត្ថកិច្ច ក៏ចាប់ឃាត់ខ្លួន តែ ហាក់ ហ៊ាន់ និង ហេង ចន្ថា បញ្ជាឲ្យរដ្ឋបាលព្រៃឈើដោះលែងជាបន្ទាន់ ក្រោយមកទៀត ពេលសមត្ថកិច្ចសួរនាំរឿងឡានដឹកឈើ ហេង ចន្ថា ប្រាប់ថា របស់លោកព្រះរាជអាជ្ញា ហាក់ ហ៊ាន់ ដឹកសម្រាប់ ដោះស្រាយបាយ ទឹក ភ្លើង សាំង ប្រចាំថ្ងៃ។

ហាក់ ហ៊ាន់ និង ហេង ចន្ថា បង្រ្កាបបានតែអ្នកសារព័ត៌មាន និងពួកអភិរក្សតែប៉ុណ្ណោះ ពីព្រោះពួកនេះ ជាអ្នកទើសច្រមុះ ភ្នែក និងឆ្នាំងបាយ របស់ពួកបិសាចមហាពុករលួយនេះ។

រាល់ថ្ងៃសមត្ថកិច្ច បានដឹងយ៉ាងច្បាស់ និងប្រជាពលរដ្ឋមិនសប្បាយចិត្តនោះទេ ដោយសារកន្លែងមហាអនុវត្តច្បាប់ដ៏ធំ បែរជាទៅរំលោភច្បាប់ទៅវិញ គឺដឹងតែពីលុយ។

សំណូមពរសូមឲ្យអង្គភាពប្រឆាំងអំពើពុករលុយ អភិបាលខេត្ត ក្រសួងយុត្តិធម៌ជួយមានចំណាត់ការផង៕

ខាងក្រោយនេះជាខិត្តប័ណ្ណ ដែលគេយកទៅបាចពេញក្រុងក្រចេះ៖

photo_2016-08-23_11-21-10

មតិយោបល់