អចលន​ទ្រព្យ

តម្លៃដីនៅម្តុំផ្សារទំនើប Aeon Mall 2 ផ្ទុះឡើងទ្វេដង ខណៈសាងសង់ពុំទាន់បញ្ចប់

វត្តមានរបស់ផ្សារទំនើប Aeon Mall 2 បានជំរុញដល់តម្លៃដីនៅទីនោះកើនឡើងទ្វេដង នេះបើយោងតាម ការចេញផ្សាយរបស់គេហទំព័រ CBRE ។

លោក ម៉ម សេរីបញ្ញា នាយកប្រតិបត្តិក្រុមហ៊ុន Easy Property Investment បានមានប្រសាសន៍ថា ការរះឡើងនៃផ្សារទំនើប Aeon Mall 2 បានហុចផលប្រយោជន៍យ៉ាងខ្លាំង ដល់វិស័យអចលនទ្រព្យ នៅតំបន់នោះ។
ជាក់ស្តែង ក្នុងរយៈពេល ៣ ឬ ៤ ឆ្នាំមុនការសាងសង់ផ្សារទំនើបនេះ តម្លៃដីនៅតាមបណ្តោយផ្លូវ ឧកញ៉ា ម៉ុង ឬទ្ធី ស្ថិតចន្លោះពី ៦០០ ដុល្លារអាមេរិក ទៅ ៨០០ ដុល្លារអាមេរិក ក្នុង ១ ម៉ែត្រការ៉េ ខណៈដែលបច្ចុប្បន្ន ដីស្ថិតនៅតំបន់ដដែលនោះ កើនដល់ ២០០០ ដុល្លារអាមេរិក ក្នុង ១ ម៉ែត្រការ៉េ។

រីឯតម្លៃដីនៅតាមបណ្តោយផ្លូវ ឯកឧត្តម ជា សុផារ៉ា មានតម្លៃពី ៤០០ ដុល្លារអាមេរិក ទៅ ៨០០ ដុល្លារអាមេរិក ក្នុង ១ ម៉ែត្រ កើនដល់ ១០០០ ដុល្លារអាមេរិក ដល់ ២០០០ ដុល្លារអាមេរិក ក្នុង ១ ម៉ែត្រការ៉េ។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប Aeon Mall 2 កំពុងដំណើរការសាងសង់ មានទីតាំងស្ថិតនៅ គម្រោងទីក្រុងពោងពាយ ( Pong Peay City) ខណ្ឌទួលគោក ជាយនៃទីក្រុងភ្នំពេញ និងគ្រោងបញ្ចប់នៅឆ្នាំ ២០១៨ ខាងមុខនេះ៕

មតិយោបល់