អចលន​ទ្រព្យ

បិទចរាចរណ៍ ១យប់ ជុំវិញស្តុបរង្វង់មូលនាងគង្ហីង ដើម្បីតម្លើងស្ពានអាកាសថ្មើរជើងថ្មី

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យដឹងថា កាលពីយប់នេះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ២១:០០ ដល់ម៉ោង ៥:០០ទៀបភ្លឺ ការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង បានចាប់ផ្តើមស្ទូចតម្លើងគ្រោងដែកតួស្ពាន ប្រវែង ៣៤ម កាត់ទទឹងខាងលើវិថី ឆេកូ ឬផ្លូវលេខ ១៦៩។

ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ការដ្ឋាននឹងបិទចរាចរឆ្លងកាត់ក្នុងរយៈពេលខាងលើ។

អាស្រ័យហេតុនេះ សូមបងប្អូនដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលាយប់នេះ សូមមេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ។

រដ្ឋបាលធានីភ្នំពេញ នឹងសហការជាមួយក្រុមហ៊ុន OCIC លើគម្រោងសាងសង់នេះ ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងស្តុប មិនប៉ះពាល់ចរាចរ និងធានាបានសុវត្ថិភាព។

នៅពេលនេះ ស្ពានអាកាសនេះ បានចេញជារូបរាង 3D ហើយ ដែលនឹងបង្ហាញខ្លួន នៅភាគជើងនៃ ពហុកីឡដ្ឋានជាតិអូឡាំពិក។

ទីក្រុងអូឡាំព្យា ត្រូវបានវិនិយោគដោយក្រុមហ៊ុន Oversea Cambodian Investment Corporation (OCIC) សាងសង់ឡើងលើផ្ទៃដី ១០ហិកតា សរុបមានបួនអគារ ដែលអគារនីមួយៗមានកម្ពស់ ២០ជាន់ ឋិតនៅភាគខាងជើងនៃពហុកីឡាដ្ឋានជាតិអូឡាំពិក។

បណ្តុំនៃអគារពាណិជ្ជកម្មនេះរួមមាន អគារស្នាក់នៅ ផ្សារទំនើប អគារការិយាល័យ ក្លឹបហាត់ប្រាណ អាងហែលទឹក សួនច្បារ និងភោជនីយដ្ឋានជាដើម។

គួរបញ្ជាក់ថា ប្រសិនបើគម្រោងស្ពានអាកាសថ្មើរជើងនេះ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញ នឹងពង្រីកគម្រោងស្ថាបនានេះ នៅលើផ្លូវផ្សេងៗមួយចំនួនទៀត ដូចជា នៅមុខសាលារៀន មន្ទីរពេទ្យ និងផ្សារជាដើម៕

មតិយោបល់