អចលន​ទ្រព្យ

ស្ពានកោះធំប្រវែង ៤១៥ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ ចំណាយទឹកប្រាក់ជិត ២០លានដុល្លារ

ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ ប្រវែង ៤១៥ម៉ែត្រ និងទទឹង ១៣.៥ម៉ែត្រ ចំណាយទឹកប្រាក់សាងសង់ប្រមាណជិត ២០លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីពេលថ្មីៗនេះ។

ស្ពានកោះធំ ជាប្រភេទស្ពានគុណភាពបេតុងសរសៃដែក លាតសន្ធឹងពីផ្លូវជាតិលេខ ២១ ទៅផ្លូវជាតិលេខ ១១០ ហើយទឹកប្រាក់សាងសង់ ជាកម្ចីសម្បទានពីចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ២.៨លានដុល្លារអាមេរិក។

ស្ពាននេះ ជាស្ពានទី ៧ហើយ ដែលចិនបានជួយកម្ពុជា ហើយវាជាស្ពានល្អ សម្រាប់ការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋផងដែរ។

ស្ពាននេះមានទីតាំងស្ថិតលើ​ផ្លូវជាតិ​លេខ ២១ ត្រង់គីឡូម៉ែត្រ​លេខ ៥៨+២០០ ភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ​ ភ្ជាប់ត្រើយខាងលិច​ទន្លេបាសាក់ ឆ្លងទៅ​ផ្លូវជាតិលេខ១១០។

ស្ពាននេះ តភ្ជាប់ចរាចរណ៍ពី​ផ្លូវ​ជាតិ​លេខ ១ តាម​ផ្លូវជាតិលេខ ១១០ ពីគល់ស្ពានច្បារអំពៅ​ប្រប​មាត់ទន្លេ​ត្រើយខាងកើត កាត់តាម​ព្រែក​ប្រា ភ្ជាប់​ទៅ​នឹង​ផ្លូវ​ជាតិលេខ២១ ប្របមាត់ទន្លេត្រើយខាងលិច​ ពី​តាខ្មៅ​មក​ និងបន្តរហូតដល់​ព្រំ​ប្រទល់​កម្ពុជា-វៀតណាម។

គួរបញ្ជាក់ដែរថា ស្ពានកោះធំ មានទីតាំងនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល៕

 

មតិយោបល់