នៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង លោក បេសសូ ខេនអ៊ិឈិ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជា អធិបតីសម្ពោធចំណតផែពហុបំណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
កំពង់ផែពហុបំណងដែលបាន កសាងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះគិតជាទឹកប្រាក់ប្រមាណ ៧៤លានដុល្លារអាមេរិក។
កំពង់ផែនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបំរើ និងឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំង ឆ្លងកាត់ទំនិញដែលកើនឡើងកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។
ចំណតផែពហុបំណង ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ រួមមាន៖ ចំណតផែទំនិញរាយប្រវែង៣៣០ ម៉ែត្រជម្រៅទឹក១៣,៥ម៉ែត្រ, ចំណតផែមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេងប្រវែង ២០០ម៉ែត្រ ជម្រៅទឹក៧,៥ម៉ែត្រ និងការផ្គត់ផ្គង់នាវាសណ្តោង (Tugboat) ក្រោមហិរញ្ញប្បទានសម្បទានមានទឹកប្រាក់សរុបចំនួនប្រមាណ៧៤លានដុល្លារអាមេរិកពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អអន្តរជាតិជប៉ុន(JICA)ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែពហុបំណងកំពង់ផែក្រុងព្រះសីហនុរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ទទួលបន្ទុកលើការបង់ពន្ធ និងអាករផ្សេង ៗ។
ចំណតផែនេះ គឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់សម្រាប់ដោះដូរផលិតផលកសិកម្មនិងកសិ-ឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកដោយបានតភ្ជាប់ទៅនឹងផ្លូវជាតិលេខ២, លេខ៣, និង លេខ៤ ព្រមទាំងផ្លូវរថភ្លើង និងជាពិសេសផ្លូវល្បឿន លឿន ភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានរំលឹកថា កាលពីមុនកំពង់ផែក្រុងព្រះសីហនុនេះដឹកទំនិញបានត្រឹមតែ ១ម៉ឺនតោនតែប៉ុណ្ណោះ ក៏ប៉ុន្តែពេលនេះកំពង់ផែយើងអាចដឹកទំនិញបានរហូតដល់ទៅ ៥ម៉ឺនតោន ដែលមានជម្រៅទឹករហូតទៅ១៤ម៉ែត្រ។
ការបង្កើតចំណតកំពង់ផែនេះគឺកើតឡើងបន្ទាប់មានការចុះហត្ថលេខារវាង សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការការអភិវឌ្ឍក្នុងកំពង់ផែនេះ លើគម្រោងទឹកប្រាក់ប្រមាណ ២០៣លាន ដុល្លារអាមេរិក៕
មតិយោបល់