អចលន​ទ្រព្យ

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងបើកការដ្ឋាន ក្នុងឆ្នាំនេះ

កាលពីម្សិលមិញនេះ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ដែលមានប្រវែង ១៩០គីឡូម៉ែត្រ គ្រោងចំណាយទឹកប្រាក់ ២ពាន់លានដុល្លារនោះ ត្រូវបានចុះហត្ថលេខារួចរាល់ជាស្ថាពរ គ្រោងបើកការដ្ឋាននៅក្នុងឆ្នាំនេះ សាងសង់ដោយក្រុមហ៊ុនចិន ជាទម្រង់ BOT។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ជាមួយសមភាគីចិន តំណាងដោយលោក Liu Qitao ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន។

គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ នឹងត្រូវសាងសង់ដោយវិនិយោគិនចិន តាមរូបភាពវិនិយោគ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ជាផ្លូវ ០៤គន្លង មានប្រវែងសរុប ១៩០.៦៣គីឡូម៉ែត្រ ចេញពីភ្នំពេញ រហូតដល់ខេត្តព្រះសីហនុ ជាផ្លូវថ្មីទាំងស្រុង តួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាលកៅស៊ូ AC មានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស មានទីតាំងឈប់សម្រាក មានរបងបាំងសងខាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត។

លោក វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគចិន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រោងបើកការដ្ឋានតាមផែនការ បន្ទាប់ពីពិភាក្សាពី ការផ្តល់សំណងផលប៉ះពាល់ទៅឲ្យប្រជាពលរដ្ឋរួចរាល់។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ។

លោកបន្តថា ផ្លូវល្បឿនលឿននេះ អាចចេញដំណើរពីតំបន់ចោមចៅ ឬតំបន់ផ្លូវទំនប់កប់ស្រូវ ដោយស្របជាមួយផ្លូវជាតិលេខ ៤ ហើយផ្នែកខ្លះគងពីលើផ្លូវជាតិលេខ ៤ ឬតំបន់ទីប្រជុំជនមួយចំនួនផង។

លោក ស៊ុន ចាន់ថុល ធ្លាប់បានឲ្យដឹងទៀតថា គម្រោងផ្លូវល្បឿនលឿននេះ នឹងមានច្រកចេញច្រកចូលតែ ៧កន្លែងប៉ុណ្ណោះ តភ្ជាប់ទៅផ្លូវជាតិលេខ ៤ ហើយផ្លូវ Express Way នេះ ជាផ្លូវបិទជិត មិនឲ្យមានអ្វីឆ្លងកាត់នោះឡើយ។

នៅពេលគម្រោងនេះបញ្ចប់ វានឹងផ្តល់ប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសគឺ ចំនេញពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរ ព្រោះផ្លូវ Express Way នេះ មានផ្លូវឯកទិសប៉ុណ្ណោះ មិនមានផ្លូវឆ្លងកាត់ច្រើននោះឡើយ លើសពីនេះទៀត ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានផលចំណេញដែលមិនអាចកាត់ថ្លៃបាន ពីការអភិវឌ្ឍន៍ច្រករបៀងភ្នំពេញ-ខេត្តព្រះសីហនុ៕

មតិយោបល់