រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ុនប៉ងវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកនាពេលថ្មីៗនេះ ទៅលើមូលដ្ឋានយោធារុស្ស៊ី នៅក្នុងប្រទេសស៊ីរី គឺជាការបង្កហេតុមួយ ដើម្បីបំផ្លាញកិច្ចព្រមព្រៀង ក៏ដូចជាធ្វើឲ្យខូចដល់ទំនាក់ទំនងរវាងរុស្ស៊ី តួកគី និងអ៊ីរ៉ង់ពីមុនមក។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅឯកិច្ចប្រជុំមួយ ជាមួយមេដឹកនាំប្រព័ន្ធផ្សព្វផ្សាយ និងអ្នកកាសែតរុស្ស៊ី លោក ពូទីន បាននិយាយថា «យើងដឹងថា ពួកគេគឺជាអ្នកណា ដែលបានចំណាយប្រាក់បង្កហេតុ ដើម្បីទទួលយកផល … ហេតុការណ៍បែបនេះ … គឺច្បាស់ណាស់ថា ជាការបង្កហេតុ ដើម្បីបំផ្លាញកិច្ចព្រមព្រៀងដែលមានពីមុនមក» ។
សូមជំរាបថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រុមភេរវករ បានប៉ុនប៉ងវាយលុកមូលដ្ឋានទ័ព Hmeymim និង Tartus របស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី ដោយយន្តហោះគ្មានមនុស្សបើកចំនួន ១៣ គ្រឿង ដែលត្រូវបានដណ្ដើម ឬបំផ្លាញចោលដោយពួកទាហានរុស្ស៊ី។
ក្នុងនោះដែរ លោក ពូទីន បានន្ថែមថា ការវាយប្រហារនេះ គឺមានគោលបំណងដើម្បីធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរុស្ស៊ី ជាមួយតួកគី និងអ៊ីរ៉ង់ ដែលជារដ្ឋបានធានាចំពោះបទឈប់បាញ់នៅស៊ីរី៕
មតិយោបល់