អចលន​ទ្រព្យ

ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាមដំបូងបង្អស់ បើកការដ្ឋានជាផ្លូវការ នៅថ្ងៃនេះ

ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម នឹងរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់នៅថ្ងៃនេះ ដោយចំណាយដើមទុនប្រមាណ ២លានដុល្លារអាមេរិក ដើម្បីសាងសង់លើផ្ទៃដី ១ហិកតាកន្លះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរវាង ខេត្តត្បូងឃ្មុំ និងខេត្តតាយនីញ ភាគខាងត្បូងប្រទេសវៀតណាម។

ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម នឹងសាងសង់នៅក្នុង ភូមិកណ្តោល ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលស្ថិតនៅចម្ងាយប្រមាណ ១គីឡូម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម ហើយផ្សារគំរូនេះ នឹងជម្រុញដល់ការដោះដូរពាណិជ្ជកម្ម និងទំនិញ រវាងប្រទេសទាំងពីរផងដែរ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានបន្ថែមទៀតថា ប្រសិនបើគម្រោងនេះទទួលបានជោគជ័យ កម្ពុជា និងវៀតណាម នឹងបង្កើតផ្សារគំរូតាមបណ្តាព្រំដែនទៀតដូចជា ខេត្តកំពតជាដើម។

សម្រាប់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ ២០១៥ គឺប្រមាណជា ៣.៣ពាន់លានដុល្លារ ហើយការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សង្ឃឹមថា នឹងកើនឡើងបន្តទៅទៀត នៅក្នុងឆ្នាំ ២០១៦នេះ។

គួរជម្រាបផងដែរថា មកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនវៀតណាមដែលមកវិនិយោគនៅកម្ពុជា មានរហូតដល់ ១៨២គម្រោង ក្នុងទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការលើកឡើងរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា៕

មតិយោបល់