អចលន​ទ្រព្យ

កម្ពុជា នឹងសាងសង់ផែបណ្តែតទឹក តាមបណ្តាខេត្ត-ក្រុង ជម្រុញការដឹកជញ្ជូនទូទាំងប្រទេស

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសាងសង់ផែបណ្តែតទឹក តាមបណ្តាខេត្ត-ក្រុង ជាប់ផ្លូវទឹកទាំងអស់។

លោកបន្តថា ការសាងសង់ផែបណ្តែតទឹកនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកទូទាំងប្រទេស ឲ្យកាន់តែងាយស្រួល ក្នុងការដឹកជញ្ជូនកសិផល ផលិតផលនានា និងជលផល កាន់បន្ថយចំណាយ និងពេលវេលាបានកាន់តែច្រើន។

ថ្លែងនៅក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៨ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ អំពីសមិទ្ធផលការងារដែលសម្រេចបានធំៗ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង គម្រោងកំពុងបន្ត និងក្នុងពេលអនាគតដ៏ខ្លីខាងមុខមួយចំនួនដូចជា៖ ការដាក់ឲ្យដំណើរការសេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពី រាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅមុនចូលឆ្នាំខ្មែរ ការតភ្ជាប់ផ្លូវដែកកម្ពុជា ជាមួយផ្លូវដែកប្រទេសថៃ ដែលមានសារៈសំខាន់ដល់ការដឹកជញ្ជូន ដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់ សេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ការបិតចំណាំងផ្លាតសុវត្ថិភាពជូនប្រជាពលរដ្ឋជាងបីលានដោយគិតថ្លៃ ចលនាចែកមួកសុវត្ថិភាពជូន បងប្អូនប្រជាពលរដ្ឋ និងស្ពតអប់រំប្រជាពលរដ្ឋអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ជាចុងក្រោយ លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីយុទ្ធនាការចុះបង្ក្រាបរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដើម្បីថែរក្សាផ្លូវថ្នល់ឲ្យមានគុណភាពប្រើប្រាស់បានយូរអង្វែង និងវិធានការកាត់ទ្រុងយានយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេស និងបានណែនាំឲ្យមន្ត្រីបច្ចេកទេសពិនិត្យមើលការបិតសំបុកមាន់ ការជួសជុលថែទាំ ផ្លូវថ្នល់ ធ្វើយ៉ាងណាឲ្យមានគុណភាពរឹងមាំប្រើប្រាស់បានយូរអង្វែង គោរពតាមស្តង់ដារបច្ចេកទេស ដើម្បីផ្តល់សេចក្តីទុកចិត្តជូនបងប្អូនប្រជាពលរដ្ឋ៕

មតិយោបល់