រថភ្លើងធនស្រាលមុខ ២ ចំនួន ៣គ្រឿង កំពុងត្រូវបានសាងសង់ឡើង ដើម្បីត្រៀមខ្លួនរត់ពី កណ្តាលក្រុងភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលគ្រោងនឹងបើកដំណើរការ មុនបុណ្យចូលឆ្នាំខ្មែរមកដល់។
រថភ្លើងនេះ អាចរត់ភ្ជាប់គ្នាម្តងទាំង ៣ ឬអាចរត់ដាច់ដោយឡែកពីគ្នាក៏បាន ហើយអាចរត់ក្នុងទិសដៅ ទាំងទៅ ទាំងមក ដោយមានមុខ ២។
រថភ្លើងធនស្រាលនេះ នឹងសាងសង់ឡើង ស្របតាមស្តង់ដាអន្តរជាតិ ដែលអាចរត់ក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុង១ម៉ោង។
ផ្លូវរថភ្លើងធនស្រាលថ្មី តភ្ជាប់ពីស្ថានីយ៍រថភ្លើងក្រុងភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងដាក់ឲ្យដំណើរការជាផ្លូវការ នៅខែមេសា ឆ្នាំ ២០១៨ខាងមុខនេះ ឲ្យបានមុនបុណ្យចូលឆ្នាំខ្មែរមកដល់ ដោយអ្នកដំណើរចំណាយពេលប្រមាណ ២០នាទីប៉ុណ្ណោះ។
កាលពីពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រុមហ៊ុន Royal Group បាននិងកំពុងសាងសង់ជារៀងរាល់យប់ សម្រេចបានប្រមាណ ២៥០ម៉ែត្រ ជាខ្សែរថភ្លើងធនស្រាល។
លោកបានពន្យល់ទៀតថា ខ្សែរថភ្លើងនេះ នឹងផ្លូវរថភ្លើងបង្កប់ក្នុងផ្លូវថ្នល់ និងសាងសង់នៅលើផ្លូវដែលមានស្រាប់ មិនមានរុះរើលំនៅដ្ឋានទេ ហើយរថភ្លើងនឹងឆ្លងកាត់ឆាប់ណាស់ មិនធ្វើឲ្យកកស្ទះចរាចរណ៍ទេ ព្រមទាំងធានាសុវត្ថិភាពទៀតផង។
បច្ចុប្បន្ន ក្រុមហ៊ុន Royal Group បានកក់លុយទិញរថភ្លើង ៤គ្រឿងរួចហើយ (ប្រមាណ ១លានដុល្លារអាមេរិក ក្នុងមួយគ្រឿង) ដែលអាចផ្ទុកអ្នកដំណើរប្រមាណជា ១០០នាក់ក្នុងមួយគ្រឿង ហើយអ្នកដំណើរអាចជិះដោយឥតគិតថ្លៃ ក្នុង៣ខែដំបូង បន្ទាប់ពីការបើកដំណើរការជាផ្លូវការ។
គួររម្លឹកដែរថា គម្រោងតភ្ជាប់ផ្លូវរថភ្លើងធនស្រាល នឹងមានខ្សែរត់ ទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺមានប្រវែងតែ ៣០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវដែកដែលមានស្រាប់នៅខាងក្រៅរបងរបស់តំបន់សេដ្ឋកិច្ចពិសេស៕
មតិយោបល់