អចលន​ទ្រព្យ

Cam M J Industrial Park នឹងក្លាយជាតំបន់ឧស្សាហកម្មកសិកម្មកែច្នៃ នៅខេត្តកំពង់ស្ពឺ

ខេម អិម ជេ អ៊ិនដាសស្ទ្រៀល ផាក មានទីតាំងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ គឺជាគម្រោងដែលក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប សហការជាមួយនឹងសហគ្រាសចិន នាថ្ងៃអនាគត នឹងអភិវឌ្ឍទៅជាតំបន់ឧស្សាហកម្មកសិកម្មកែច្នៃ ដឹកជញ្ជូនធំជាងគេនៅកម្ពុជា។

ក្នុងគម្រោងនេះ រួមមាន៖ផលិត ដឹកជញ្ជូន ស្តុកទំនិញ ឧស្សាហកម្មកែច្នៃ វេចខ្ចប់ តំទ្បើង ចែកចាយ និងព័ត៌មាន។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Prince Real Estate Group បានប្រកាសឲ្យដឹងតាមរយៈ គេហទំព័រហ្វេសប៊ុករបស់ខ្លួន អំពីគម្រោងថ្មីជាច្រើន រួមមាន គម្រោងអគារពហុមុខងារ ព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា គ្រោងរំលេចខ្លួន តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។

ក្រុមហ៊ុន គ្រោងនឹងបណ្តាក់ទុនសាងសង់ អគារពហុមុខងារមួយនេះ លើផ្ទៃដី ២.៨ហិកតា និងមានផ្ទៃក្រឡាសំណង់សរុបជាង ២០ម៉ឺនម៉ែត្រការ៉េ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។

គម្រោងអគារនេះ នឹងក្លាយជាបណ្តុំនូវសេវាកម្មធុរកិច្ច អគារស្នាក់នៅ ការទិញទំនិញ និងលំហែកាយ និងជាមជ្ឈមណ្ឌលទីក្រុងអន្តរជាតិច្រកចេញចូលតែមួយ។

នៅរាជធានីភ្នំពេញ គឺមានគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មព្រីនស៍ (Prince CBD) ដំបូងគេនៅចំកណ្តាលក្រុង ក្នុងតំបន់ចំការមន មានផ្ទៃក្រឡាសរុបដល់ រាប់លានម៉ែត្រការ៉េ ហើយវិនិយោគទុនដោយប្រមូលផ្តុំនូវធនធានគ្រប់តំបន់នៅលើពិភពលោក។

ក្រុមហ៊ុន ក៏មានគម្រោង ព្រីនស៍ ខូលីណាន បេ មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងព្រះសីហនុ ដែលមានផ្ទៃសំណង់សរុបជាង ១៦ម៉ឺនម៉ែត្រការ៉េ គឺជាគម្រោងអគារពហុមុខងារខ្នាតធំ តាមបណ្តោយឆ្នេរសមុទ្រ ដែលបណ្តុំទៅដោយសណ្ឋាគារលំដាប់ផ្កាយ៥ អគារស្នាក់នៅរួម អគារពាណិជ្ជកម្ម ផ្សារទំនើប អាហារដ្ឋាន និងកន្លែងសម្រាកលំហែកាយ។

ក្រៅពីនោះ ក៏មានគម្រោងសណ្ឋាគារ ព្រីនស៍ ថាម ហូថេល គឺជាសណ្ឋាគារលំដាប់ផ្កាយ៥ មានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ក្បែរឆ្នេរសមុទ្រដ៏ស្រស់ស្អាត បំពាក់នូវសេវាគ្រប់គ្រងសណ្ឋាគារថ្នាក់ខ្ពស់បំផុតលំដាប់អន្តរជាតិ នឹងដាក់ដំណើរការអាជីវកម្មនៅឆ្នាំ ២០១៨នេះ៕

មតិយោបល់