ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីទីតាំងស្ថាបនាផែ និងស្ថានីយ៍អ្នកដំណើរ សម្រាប់សេវាដឹកជញ្ជូនផ្លូវទឹកតាមដងទន្លេ ចំនួន ៦ទីតាំង លើផែនការចំនួន ១១ទីតាំង ដូចខាងក្រោម៖
១-ទីតាំងក្រោមស្ពានព្រែកព្នៅ
២-ទីតាំងសួនច្បារប្រជាធិបតេយ្យឫស្សីកែវ
៣-ទីតាំងកំពង់ផែភ្នំពេញ
៤-ទីតាំងអតីតកប៉ាល់ណាហ្គា ខាងជើងកំពង់ចម្លងអរិយក្សត្រ
៥-ទីតាំងភូមិដើមច័ន្ទច្បារអំពៅ
៦-ទីតាំងក្រុងតាខ្មៅ។
កប៉ាល់សាធារណៈល្បឿនលឿន នឹងរត់ពីស្ពានព្រែកព្នៅ ដល់ក្រុងតាខ្មៅ ដែលគ្រោងនឹងដាក់ឲ្យដំណើរការ មុនបុណ្យចូលឆ្នាំ ២០១៨ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
លោក បានបន្តថា ដោយសារមានកញ្ចប់ថវិកាមួយចំនួនហើយ រដ្ឋាភិបាល នឹងចាប់ផ្តើមសង់ផែមួយចំនួន នឹងដាក់កប៉ាល់ ២ ៣គ្រឿង ឲ្យចាប់ផ្តើមរត់សាកល្បង។
កប៉ាល់នេះ នឹងដឹកអ្នកដំណើរតាមទន្លេសាប ទន្លេចតុមុខ ទន្លេបាសាក់ ប្រតិបត្តិការចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៨ យប់ ដោយបើកបរក្នុងល្បឿន ៣០ ទៅ ៤០គីឡូម៉ែត្រ/ម៉ោង។
បើគិតជារយៈចម្ងាយគឺប្រមាណ ២៥គីឡូម៉ែត្រ (ទៅមក ៥០គីឡូម៉ែត្រ) ដោយមានចំណតអ្នកដំណើរចំនួន ៩កន្លែង ដោយមានរយៈពេលឈប់ចត ៥នាទី។
ការសាងសង់ គ្រោងនឹងចំណាយពេល ១៤ខែ ដោយផែនការគ្រោងប្រតិបត្តិការ នៅខែ មេសា ឆ្នាំ ២០១៨ខាងមុខនេះ។
ដោយសារប្រទេសកម្ពុជា សម្បូរផ្លូវទឹកខ្វាត់ខ្វែង ដូចជាទន្លេមេគង្គ ទន្លេសាប បាសាក់ សេសាន -ល- ដូច្នេះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ត្រូវតែប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ហើយការប្រើប្រាស់កាណូតសាធារណៈនេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរ និងកាត់បន្ថយចំណាយនានា ដែលបង្កដោយការកកស្ទះចរាចរណ៍។
ការដឹកជញ្ជូនតាមផ្លូវទឹកនេះ មិនមែនត្រឹមតែដឹកអ្នកដំណើរនោះទេ គឺដឹកកសិផលទាំងអស់មកពីខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង -ល- មកកំពង់ផែភ្នំពេញ ដើម្បីឡើងកប៉ាល់ធំៗដឹកទៅបរទេស។
គួរជម្រាបដែរថា ការប្រើប្រាស់កាណូតសាធារណៈ នឹងជួយកាត់បន្ថយការចំណាយបានច្រើន ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសគឺ អ្នកដំណើរអាចលម្ហែ និងកាត់បន្ថយពេលវេលាធ្វើដំណើរផងដែរ៕
មតិយោបល់