ស្ពានថ្មីឆ្លងទន្លេចំនួន ២ខ្សែ នឹងត្រូវសាងសង់នៅពេលខាងមុខនេះ ដើម្បីតភ្ជាប់ពី ជ្រោយចង្វារ ទៅស្វាយជ្រុំ-អរិយក្សត្រ និងនៅតាមដងទន្លេមេគង្គក្រោម តំបន់ក្តីតាកុយ។ នេះបើយោងតាមការលើកឡើង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ពានថ្មីទាំង ២ខ្សែនេះ នឹងបំពេញនូវចន្លោះខ្វះខាត នៃផ្លូវខ្សែក្រវ៉ាត់ក្រុងភ្នំពេញ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរបាន ដោយពុំចំាបាច់ចូលក្រុងនោះឡើយ។
បច្ចុប្បន្ន គម្រោងស្ពាននេះ កំពុងស្ថិតក្រោមការសិក្សា និងកំពុងរកប្រភពថវិកា ហើយរដ្ឋាភិបាល នឹងធ្វើជូនប្រជាពលរដ្ឋជាដាច់ខាត។
កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដែលស្ពាននេះមានឈ្មោះថា «ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់ ក្រូចឆ្នា»។
ការសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់ក្រូចឆ្នាំនេះ គឺស្ពានទី ៨ហើយ ដែលកន្លងមកមិត្តចិនបានជួយសាងសង់ស្ពាន នៅកម្ពុជាចំនួន ៧រួច ហើយដូចជា ស្ពានកោះធំនៅខេត្តកណ្តាល ស្ពានជ្រោយចង្វារ២ ស្ពានសេកុងខេត្តស្ទឹងត្រែង ស្ពានព្រែកក្តាម ស្ពានព្រែកតាម៉ាក់ ស្ពានមេគង្គស្ទឹងត្រែង និងស្ពានព្រែកសំរោងក្រុងតាខ្មៅ។
សម្តេចតេជោ បញ្ជាក់ថា ស្ពានដែលកំពុងបើកការដ្ឋាននេះ មិនមែនជាស្ពានចុងក្រោយទេ រាជរដ្ឋាភិបាល ត្រូវការស្ពានឆ្លងកាត់ទន្លេចំនួន ៣ទៀត ទី១)ស្ពានឆ្លងកាត់ទន្លេពីក្រចេះ ទៅកំពង់ធំ ទី២)ឆ្លងកាត់ពីជ្រោយចង្វារ ទៅស្វាយជ្រុំ-អរិយក្សត្រ ទី៣) ស្ពានទន្លេសាប ក្តីតាកុយ សម្រាប់បំរើសេចក្តីត្រូវការ និងការរស់នៅរបស់ប្រជាពលរដ្ឋ៕
មតិយោបល់