ព័ត៌មានសេដ្ឋកិច្ច

ជប៉ុន គ្រោងផ្តល់ហិរញ្ញប្បទាន ១៦៨លានដុល្លារ ដល់កម្ពុជា សម្រាប់ឆ្នាំ ២០១៨

សម្រាប់ឆ្នាំ ២០១៨ រដ្ឋាភិបាលជប៉ុនគ្រោងផ្តល់ហិរញ្ញប្បទានប្រមាណ ១៦៨លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីបន្តអនុវត្តន៍គម្រោងអាទិភាពជាច្រើន ក្នុងន័យរួមចំណែកជាមួយ រាជរដ្ឋាភិបាលធ្វើឱ្យសម្រេចបានវឌ្ឍនភាពក្នុងកិច្ចអភិវឌ្ឍន៍បន្ថែមទៀត។

រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ពីការបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់គាំទ្រស្ទើរគ្រប់វិស័យដែលបានរួមចំណែក ដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចពង្រឹង ប្រសិទ្ធភាព នៃការអនុវត្តគម្រោងនាពេលអនាគត។

ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ភាគីទាំងពីរក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការអនុវត្តគោលនយោបាយ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយផ្តោតលើ អាទិភាព ៣ គឺ ការគាំទ្រការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ការលើកកម្ពស់គុណភាពនៃការរស់ នៅរបស់ប្រជាជន និងការគាំទ្រដល់ការអភិវឌ្ឍសង្គមប្រកបដោយចីរភាព ដែលអាទិភាព ទាំងបីនេះបាន តម្រឹមល្អដើម្បីឆ្លើយតបនឹងតម្រូវការ និងទិសដៅអាទិភាពរបស់រាជរដ្ឋាភិ បាល។

ជាមួយគ្នានេះ គម្រោងធ្វើឱ្យប្រសើរឡើងវិញការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញដំណាក់កាលទី៤ គម្រោង អភិវឌ្ឍន៍គម្រោងកំពង់ផែកុងទីនឺរថ្មី គម្រោងធ្វើឱ្យប្រសើរឡើងនៃ មន្ទីរពេទ្យបង្អែកពេទ្យ ខេត្តបាត់ដំបង គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស គម្រោងពង្រឹងប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាតខេត្តកំពង់ធំ គម្រោង ធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវ ជាតិលេខ៥ ភាគខាងជើង ជំហានទី២ គម្រោងសាងសង់ស្ពានបន្ទាន់នៅតំបន់រងគ្រោះដោយសារទឹកជំនន់ គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យនៅរាជធានីភ្នំពេញ និងបាត់ដំបង សរុបជាទឹកប្រាក់ប្រមាណ ៤៥២លានដុល្លារអាមេរិក។

ក្រៅពីនេះភាគីជប៉ុនក៏កំពុងសិក្សា គម្រោងបង្កើតរថភ្លើង ធុនស្រាលស្វ័យប្រវត្តិលើអាកាសនៅកម្ពុជារាជធានីភ្នំពេញ។

ការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនជួយពន្លឿនការជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជាក៏ដូចជាគាំទ្រ ដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅ ក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០។

សូមបញ្ជាក់ គិតត្រឹមឆ្នាំ ២០១៧ ភាគីជប៉ុន បានបើកផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ២៨៤០លានដុល្លារអាមេរិកដល់កម្ពុជា៕

មតិយោបល់