អចលន​ទ្រព្យ

កាណូតសាធារណៈ ២០គ្រឿង ដឹកអ្នកដំណើរ ២០០០នាក់ នឹងរត់ពី ៦ព្រឹក ដល់ ៨យប់

កាណូតសាធារណៈល្បឿនលឿនចំនួន ២០គ្រឿង ដែលមានសមត្ថភាពដឹកអ្នករហូតដល់ ២០០០នាក់ នឹងរត់ពីស្ពានព្រែកព្នៅ ដល់ក្រុងតាខ្មៅ ចាប់ពីម៉ោង ៦ព្រឹក ដល់ ៨យប់។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

កាណូតនេះ អាចដឹកអ្នកដំណើរបាន ៩៩នាក់ ក្នុង១គ្រឿង រត់តាមទន្លេសាប ទន្លេចតុមុខ ទន្លេបាសាក់ ដោយបើកបរក្នុងល្បឿន ៣០ ទៅ ៤០គីឡូម៉ែត្រ/ម៉ោង។

កាណូតល្បឿនលឿន រត់ពី ព្រែកព្នៅ ទៅ តាខ្មៅ មានចម្ងាយសរុបប្រមាណ ២៥គីឡូម៉ែត្រ ចំណាយថេរៈវេលាធ្វើដំណើរប្រមាណ ៣៤នាទី ដែលគ្រោងដាក់ឱ្យដំណើរការមុនចូលឆ្នាំខ្មែរ ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់អ្នកធ្វើដំណើរចេញ-ចូល និងឆ្លងកាត់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។

ការសាងសង់ គ្រោងនឹងចំណាយពេល ១៤ខែ ដោយផែនការគ្រោងប្រតិបត្តិការ នៅខែ មេសា ឆ្នាំ ២០១៨ខាងមុខនេះ។

ដោយសារប្រទេសកម្ពុជា សម្បូរផ្លូវទឹកខ្វាត់ខ្វែង ដូចជាទន្លេមេគង្គ ទន្លេសាប បាសាក់ សេសាន -ល- ដូច្នេះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ត្រូវតែប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ហើយការប្រើប្រាស់កាណូតសាធារណៈនេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរ និងកាត់បន្ថយចំណាយនានា ដែលបង្កដោយការកកស្ទះចរាចរណ៍។

ការដឹកជញ្ជូនតាមផ្លូវទឹកនេះ មិនមែនត្រឹមតែដឹកអ្នកដំណើរនោះទេ គឺដឹកកសិផលទាំងអស់មកពីខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង -ល- មកកំពង់ផែភ្នំពេញ ដើម្បីឡើងកប៉ាល់ធំៗដឹកទៅបរទេស។

គួរជម្រាបដែរថា ការប្រើប្រាស់កាណូតសាធារណៈ នឹងជួយកាត់បន្ថយការចំណាយបានច្រើន ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសគឺ អ្នកដំណើរអាចលម្ហែ និងកាត់បន្ថយពេលវេលាធ្វើដំណើរផងដែរ៕

មតិយោបល់