ព័ត៌មានសុខភាព

បើធ្វើ៥ចំណុចនេះបានមុនពេលចូលគេង អ្នកនឹងមានសុខភាពល្អ

ការគេងគ្រប់គ្រាន់ គឺជាទម្លាប់ដ៏ល្អបំផុតសម្រាប់សុខភាព ព្រោះវាអាចជួយឲ្យអ្នកជៀសផុតពីហានិភ័យនៃជំងឺផ្សេងៗ។ ក៏ប៉ុន្តែមានទង្វើមួយចំនួនអ្នកគួរតែជៀសវាងធ្វើមុនពេលចូលគេង ព្រោះវាអាចប៉ះពាល់ដល់គុណភាពនៃការគេង ហើយជះឥទ្ធិពលអាក្រក់ដល់សុខភាពថែមទៀត។

១.រក្សាឧបករណ៍អេឡិចត្រូនិចនៅឲ្យឆ្ងាយមុនពេលចូលគេង
មិនថាកុំព្យូទ័រ ឬស្មាតហ្វូននោះទេ ពន្លឺរបស់វាអាចមានឥទ្ធិពលទៅលើខួរក្បាល ហើយធ្វើឲ្យអ្នកមិនងាយនឹងគេងលក់ភ្លាមៗឡើយ។ ហេតុនេះ អ្នកត្រូវឈប់ប្រើកុំព្យូទ័រ ឬទូរស័ព្ទមុនពេលចូលគេងយ៉ាងណាស់ណាស់១ម៉ោង ហើយត្រូវដាក់ឲ្យឆ្ងាយពីខ្លួន។

២.កុំបរិភោគអាហារពេលល្ងាចភ្លាមគេងភ្លាម
អ្នកត្រូវបរិភោគអាហារពេលល្ងាចយ៉ាងហោចណាស់ ២ម៉ោងមុនពេលចូលគេង។ ប្រសិនបើអ្នកញ៉ាំអាហារភ្លាមចូលគេងភ្លាម ក្រពះរបស់អ្នកនឹងធ្វើការរហូត ដែលធ្វើឲ្យអ្នកមិនអាចគេងលក់ស្កប់ស្កលឡើយ ហើយយូរៗអាចបណ្តោលឲ្យខូរប្រព័ន្ធរំលាយអាហារថែមទៀត។

៣.កុំព្យាយាមហាត់ប្រាណមុនពេលចូលគេង
ការហាត់ប្រាណ គឺជាទម្លាប់មួយដែលធ្វើឲ្យរាងកាយមានភាពរឹងមាំ និងអារម្មណ៍ស្រស់ថ្លាពោរពេញទៅដោយថាមពល។ ក៏ប៉ុន្តែ អ្នកមិនគួរធ្វើលំហាត់ប្រាណគៀកនឹងម៉ោងចូលគេងពេកនោះទេ យ៉ាងហោចណាស់ក៏មុនរយៈពេល ៣ម៉ោងដែរ។

៤.ជៀសវាងកាហ្វេ
បើជៀសមិនបាន អ្នកត្រូវទម្លាប់ទទួលទានកាហ្វេយ៉ាងហោចណាស់ ៤ម៉ោងមុនពេលចូលគេង។ ដោយសារតែជាតិកាហ្វេអ៊ីន អាចឲ្យប៉ះពាល់ដល់រំលាយអាហារ និងធ្វើឲ្យអ្នកមិនងងុយគេង។ នេះហើយជាមូលហេតុដែលអ្នកមិនគួរទទួលទានកាហ្វេ ឬភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីនដ៏ទៃទៀត មុនពេលចូលគេងភ្លាមៗ។

៥.ការជ្រើសទីតាំងគេង
ទីតាំងគេងដ៏ល្អប្រសើរបំផុតដែលធ្វើឲ្យអ្នកមិនឈឺខ្នង និងឈឺស្មាពេលភ្ញាក់ពីគេង គឺការគេងចំហៀង។ ផ្ទុយទវិញអ្នកគួរតែជៀសវាងការគេងផ្គាប់មុខចុះ ព្រោះវាអាចនាំឲ្យមានបញ្ហាថប់ដង្ហើម ឬឈឺដើមទ្រូង៕

ដកស្រង់ពី៖ myfitmagazine

មតិយោបល់