អចលន​ទ្រព្យ

កម្ពុជា ចាប់ផ្តើមបង្កើតពានរង្វាន់ Cambodia Real Estate Awards នៅឆ្នាំនេះ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិស័យឯកជនផ្នែកអចលនព្រទ្យ បានចាប់ផ្តើមបង្កើតឱ្យមាន កម្មវិធីប្រកួតប្រជែងពានរង្វាន់អចលទ្រព្យនៅកម្ពុជាជាលើកដំបូង ដើម្បីជំរុញការលើកកម្ពស់វិស័យអចលទ្រព្យនៅកម្ពុជា ឱ្យកាន់តែមានស្ថានភាពល្អប្រសើរឡើង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

​ក្រុមហ៊ុនគេហទំព័រ Realestate.com.kh សហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំពានរង្វាន់ អចលនវត្ថុកម្ពុជាឆ្នាំ ២០១៨(Cambodia real estate award 2018) ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យអចលនវត្ថុកម្ពុជា តាមរយៈផ្តល់ឱកាសដល់ក្រុមហ៊ុនទាំងអស់ នៅក្នុងវិស័យអចលទ្រព្យបាន បង្ហាញពីសមិទ្ធផលរបស់ខ្លួនដែលធ្វើបានកន្លងមក។

​ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្ម ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថា ការបង្កើតកម្មវិធីនេះ គឺជាវេទិកាមួយដើម្បីលើកទឹកចិត្ត និងផ្តល់រង្វាន់ដល់ភ្នាក់ងារក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ដែលធ្វើប្រតិបត្តិការប្រកបដោយក្រមសីលធ៌មវិជ្ជាជីវៈ និងអនុលោមតាមច្បាប់ និងបទបញ្ញត្តិដែលមានជាធរមាននៅកម្ពុជា។

​ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានគណៈកម្មការវាយតម្លៃពានរង្វាន់នេះបានមានប្រសាសន៍ថា ការបង្កើតពានរង្វាន់នេះពិតជាមានសារសំខាន់ណាស់ ដែលលើកស្ទួយកិត្យានុភាពកម្ពុជា ក្នុងកម្រិតតំបន់ និងពិភពលោក។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា រាល់បណ្តុំព័ត៌មានពាក់ព័ន្ធនឹងអចលទ្រព្យនៅកម្ពុជា នឹងត្រូវបង្ហាញទៅកាន់ពិភពលោក ហើយវិនិយោគទុនកាន់តែមានភាពងាយស្រួលក្នុងការបោះទុនវិនិយោគលើ វិស័យអចលទ្រព្យនៅកម្ពុជាបន្តទៀត។

​លោក Tom O’sullivan អគ្គនាយកក្រុមហ៊ុនគេហទំព័រ realestate.com.kh បានបញ្ជាក់ដែរថា ពានរង្វាន់អចលទ្រព្យកម្ពុជាជាលើកទីមួយនេះ នឹងត្រូវប្រកាសនៅថ្ងៃទី២៧ ខែមិថុនាខាងមុខ ដែលនឹងត្រូវប្រគល់ពានរង្វាន់ដល់ក្រុមហ៊ុនចំនួន៣០ សម្រាប់ក្រុមហ៊ុន ដោយបានចូលរួមនិងជាប់ក្នុងកម្មវិធីនេះ៕

មតិយោបល់