អចលន​ទ្រព្យ

កូរ៉េ ផ្តល់ឥណទានជាង ៦៣លានដុល្លារ សម្រាប់គម្រោងចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ

សាធារណរដ្ឋកូរ៉េខាងត្បូងបានសម្រេចផ្តល់ឥណទានសរុប ៦៣លានដុល្លារអាមេរិក ឱ្យដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គម្រោងនេះមានទិសដៅ សាងសង់រោងចក្រចម្រោះទឹកកខ្វក់មួយកន្លែង ដែលមានសមត្ថភាពចម្រោះបាន ៧៦០០ម៉ែត្រគូប ក្នុងមួយថ្ងៃ រួមមានអាងចម្រោះទឹកកខ្វក់មួយចំនួន ដោយភ្ជាប់ទៅស្ថានីយបូមទឹកកខ្វក់ចំនួន ១០កន្លែង និងឡធំស្ទាក់កាកសំណល់ ដែលភ្ជាប់ដោយបំពង់បង្ហូរកាកសំណល់មានប្រវែងសរុបជាង ៥៥គីឡូម៉ែត្រ។

ទន្ទឹមនេះ ក៏មានការងារស្តារព្រែកប្រវែងសរុបជាង ១៦គីឡូម៉ែត្រ ដែលក្នុងនោះមានការងារស្តារឡើងវិញ ស្ថានីយបូមទឹកចាស់ និងសាងសង់ទ្វារទឹកថ្មីមួយកន្លែងទំហំ ៥ម៉ែត្រគុណនឹង៣ម៉ែត្រផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅនេះ ជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលបម្រើផលប្រយោជន៍ចម្រុះវិស័យរួមមាន ការលើកកម្ពស់សោភណភាពទីក្រុង ការលើកកម្ពស់បរិស្ថាន ជាដើម។

ប្រទេសកូរ៉េខាងត្បូង បានផ្តល់ឥណទានសម្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីឆ្នាំ២០០១ រហូតមកដល់ដើមខែមេសា ឆ្នាំ២០១៨នេះ មានសរុបចំនួន២១កិច្ចព្រមព្រៀង ដោយមានទឹកប្រាក់ សរុបជាង ៧៦៣លានដុល្លារអាមេរិកសម្រាប់អនុវត្តន៍លើ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាអាទិភាពនានានៅកម្ពុជា៕

មតិយោបល់