សណ្ឋាគារ ជីង កាន មានទីតាំងនៅក្នុងបរិវេណអតីតឆ្នេរអារីស្តុន ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីចុះបឋមសីលាសាងសង់ ក្រោមអធិបតី ឯកឧត្តម ហ៊ុន ម៉ាណែត និង ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម យន្ត មីន បានសំដែងការស្វាគមន៍ចំពោះ ក្រុមហ៊ុនតាំងគង់គ្រុប ដែលបានជ្រើសយកខេត្តព្រះសីហនុ ជាទិសដៅសំរាប់ធ្វើការវិនិយោគ និងបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីលើកកំពស់ជីវភាពរបស់ពលរដ្ឋអោយកាន់តែប្រសើរឡើង។
ឯកឧត្តម យន្ត មីន មានប្រសាសន៍អោយដឹងទៀតថា នៅខេត្តព្រះសីហនុបច្ចុប្បន្ននេះ មានសន្ទុះរីកចម្រើនលឿនគួរកត់សំគាល់ ហើយសព្វថ្ងៃនេះ មានរោងចក្រសហគ្រាសសរុបចំនួន ៦៧៦ ហើយបានផ្តល់ការងារជូនពលរដ្ឋបានចំនួន ៥ម៉ឹននាក់ និងប្រើកំលាំងជនបរទេសចំនួន ៣,៥៧៨នាក់។
លោកឧកញ៉ា តាំង គួង អគ្គនាយកក្រុមហ៊ុន Tang Kung Group មានប្រសាសន៍ថា ក្រុមហ៊ុនបានសាងសង់សណ្ឋាគារ អគារការិយាល័យ អគារស្នាក់នៅ ដែលចែកចេញជា ៤អគារ មានទំហំសរុបចំនួន ៥១,០៣៥ម៉ែត្រការ៉េ គ្របដណ្ដប់លើផ្ទៃដី ៣២,៣០៦ ម៉ែត្រការ៉េ ផ្ទៃសំណង់អគារសរុបចំនួន ១៦,៦៨១,១១ម៉ែត្រការ៉េ មានបន្ទប់សណ្ឋាគារ ៤៥២បន្ទប់ អគារស្នាក់នៅ ១៩៦បន្ទប់ និងអគារការិយាល័យ និងផ្ដល់ឱកាសការងារជូន ប្រជាពលរដ្ឋរហូតដល់ ១,០០០នាក់ ដើម្បីរួមចំណែកជួយកាត់បន្ថយភាពក្រីក្រ និងជួយកសាងប្រទេសជាតិ និងបង្កើនធនធានមនុស្សនៅក្នុងខេត្តព្រះសីហនុ។
ដោយសារតែធនធានប្រកបដោយសក្តានុពលនេះ រួមជាមួយប្រទេសមានសន្តិភាពផង បានជម្រុញឱ្យវិនិយោគិនជាច្រើន បាននិងកំពុងចាប់អារម្មណ៍ខ្លាំង ក្នុងការមកបណ្តាក់ទុននៅខេត្តព្រះសីហនុ ក្នុងរយៈពេលចុងក្រោយនេះ។
នាឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ស្វាគមន៍ចំពោះ ក្រុមហ៊ុនវិនិយោគទាំងឡាយដែលបានចូលរួមអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យមានការរីកចម្រើនលឿនគួរកត់សំគាល់។
ជាចុងក្រោយ ឯកឧត្តម លើកឡើងថា ចង់ឱ្យខេត្តព្រះសីហនុ ក្លាយទៅជាទីក្រុងដ៏ទាក់ទាញ ពិសេសលើផ្នែកឧស្សាហកម្ម និងទេសចរណ៍នៅពេលខាងមុខ ប្រកបដោយសក្តានុពល និងមានរយៈពេលវែងហើយរក្សាបាននូវតំលៃនៃអត្តសញ្ញាណរខ្មែរ មិនមែនអភិវឌ្ឍន៍ហើយតែបាត់នូវអត្តសញ្ញាណខ្មែរឡើយ៕
មតិយោបល់