សណ្ឋាគារ Marriott ដែលជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ល្បីល្បាញនៅលើសកលលោក គ្រោងបោះទុន ៤០០លានដុល្លារអាមេរិក សាងសង់សណ្ឋាគារ Marriot ក្នុងខេត្តសៀមរាប នៅខែមេសា ឆ្នាំ ២០១៧ និងក្នុងខេត្តព្រះសីហនុ នៅដើមឆ្នាំ ២០១៩។ នេះបើយោងតាមសារព័ត៌មានបរទេស ចេញផ្សាយកាលពីពេលថ្មីៗនេះ។
សណ្ឋាគារ Courtyard by Marriott Siem Reap Resort គ្រោងនឹងចំណាយ ២០០លានដុល្លារអាមេរិក មាន ២៣៣បន្ទប់ ដែលចំណាយពេលធ្វើដំណើរប្រមាណជា ១៥នាទី ដើម្បីទៅដល់តំបន់អង្គរ។
ក្រុមវិនិយោគិន Grand Lion ក៏គ្រោងនឹងបើកសាខាទី ២នៅកម្ពុជា គឺនៅខេត្តព្រះសីហនុ នៅដើមឆ្នាំ ២០១៩ ដែលគ្រោងចំណាយ ២០០លានដុល្លារអាមេរិក និងមាន ៣៨៨បន្ទប់នៅភាគនិរតីនៃតំបន់ឆ្នេរ។
សណ្ឋាគារលំដាប់ផ្កាយ ៥នេះ មានឈ្មោះថា Le Meridien គ្រោងបញ្ចប់គម្រោងនៅឆ្នាំ ២០២២ សាងសង់លើផ្ទៃដី ១.៦៧ហិកតា និងមានចម្ងាយ ១៧គីឡូម៉ែត្រពី ព្រលានយន្តហោះ។
លោក Lundy Nath អគ្គនាយកក្រុមហ៊ុន Grand Lion Group បានបង្ហាញពីទំនុកចិត្តខ្ពស់លើភាពជោគជ័យនៃសណ្ឋាគារ Marriot នៅសៀមរាប ដោយសារតែកំណើនភ្ញៀវទេសចរណ៍មកកាន់តំបន់អង្គរ កើនឡើងឥតឈប់ឈរ ហើយសុទ្ធតែជាភ្ញៀវអន្តរជាតិ។
គួរជម្រាបផងដែរថា នៅក្នុងសណ្ឋាគារនេះ នឹងមានភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ហាងហែលទឹក បារនៅលើដំបូល និងក្លឹបកម្សាន្តសម្រាប់កុមារផងដែរ៕
មតិយោបល់