ព័ត៌មានកីឡា

Ramos ​តែត​មួយ​ក្បាល ​ជួយ Real Madrid ​បន្ដ​កំណត់ត្រា​មិន​ចាញ់​៣៥​ប្រកួត

Sergio Ramos ​បាន​ក្លាយ​ជា​វិរបុរស​របស់ Real Madrid ​ទៀត​ហើយ ​ក្រោយ​ពី​រូបគេ​ជា​អ្នក​រក​គ្រាប់​បាល់​ជ័យជម្នះ​ចុង​ម៉ោង ​៣-២ ​លើ​ក្រុមDeportivo la Coruna ​ដើម្បី​បន្ត​កំណត់ត្រា​មិន​ចាញ់​៣៥​ប្រកួត។

Real Madrid ​ពិត​ជា​ហ៊ាន​មែនទែន ដោយ​បាន​ដក​កីឡាករ​សំខាន់​ៗ​៣​នាក់​ដូចជា Cristiano Ronaldo, Karim Benzema ​និង​ Luka Modric ​ជា​ដើម ​ដើម្បី​ត្រៀម​ចូល​លេង​ពាន​រង្វាន់ FIFA Club World Cup ​នៅ​ប្រទេស​ជប៉ុន។ ដោយ​ការ​ប្រកួត​នៅ​ La Liga ​យប់មិញ ​ពួកគេ​បាន​ប្រើ​យុវជន​ច្រើន ​ឱ្យ​ចូល​លេង ​ហើយ​សឹង​មិន​ទទួល​បាន​ជ័យជម្នះ​ទៅ​ហើយ។

តែ​យ៉ាងណា​ក៏​ដោយ Ramos ​មិន​ធ្វើ​ឱ្យ​លោក Zidane ​ខក​បំណង​នោះ​ទេ ​ពោល​គឺ​រូបគេ​នេះ​ហើយ ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​៩០+ ​ទៅ​ហើយ ​ដោយ​ការ​តែត​មួយ​ក្បាល​យ៉ាង​ស្អាត​បញ្ជូល​ទី​ក្រុម ​Deportivo ​តែ​ម្ដង។ ​មិន​ត្រឹម​តែ​ Ramos ​ទេ ​ដែល​គេ​ឃើញ​ថា​លេង​ល្អ ​សូម្បី​តែ​យុវជន Mariano Diaz ​ក៏​បង្ហាញ​សមត្ថភាព​ល្អ​ដែរ ​ពោល​គឺ​កីឡាករ​រូប​នេះ​ហើយ​ជា​អ្នក​រក​គ្រាប់​បាល់​ទី​២​ឱ្យ Real Madrid ​ស្មើ ​មុន Ramos ​តែត​យក​ជ័យជម្នះ។

៣​ពិន្ទុ​យប់មិញ ​បាន​ធ្វើ​ឱ្យ Real Madrid ​បន្ដ​ឈរ​កំពូល​តារាង​ La Liga ​ដដែល ​ហើយ​ដាច់​ក្រុម​គូ​ប្រជែង Barcelona ​៦​ពិន្ទុ​ឯ​ណោះ៕

មតិយោបល់