ព័ត៌មានជាតិ

មន្រ្តីប៉ូលិសម្នាក់ ត្រូវគេកាប់មួយពូថៅ ចំក្បាលដោយមិនដឹងមូលហេតុ

កណ្ដាលៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីហឹង្សាដោយចេតនា កើតហេតុនៅថ្ងៃទី១០ ខែធ្នូ វេលាម៉ោង៨ យប់ នៅចំណុចរោងការកូនរបស់ឈ្មោះ ឡាញ ហេន ស្ថិតនៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះប៉ាង ពឿន ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរនគរបាលប៉ុស្តិ៍សំបួរមាស នៅភូមិពោង ឃុំសំបួរមាស
ស្រុកមុខកំពូល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកហូតវត្ថុតាងពូថៅមួយ ឈ្មោះរៀម ហ៊ុល ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរកសិករ នៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

មុនពេលកើតហេតុវេលាម៉ោង៥ និង៣០ នាទីល្ងាច លោកនាយប៉ុស្ដិ៍ បានចាត់តាំងឲ្យជនរងគ្រោះ និងលោកវ៉ែន ភាច មន្ត្រីប៉ុស្តិ៍ទៅការពារសន្តិសុខ ក្នុងពិធីមង្គលការ កូនរបស់ឈ្មោះ ឡាញ់ ហេន នៅកន្លែងកើតហេតុខាងលើ។ លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះ កំពុងធ្វើចរាចរម៉ូតូកៀរក្មេងនៅក្បែររោងការ ស្រាប់តែជនសង្ស័យ កាន់ពូថៅនៅដៃ មកកាប់ជនរងគ្រោះពីក្រោយ មួយពូថៅត្រូវចំក្បាលពីលើ បណ្ដាលឲ្យរយ៉ាស់ហូរឈាមយ៉ាងច្រើន ពេលនោះកម្លាំងប្រជាការពារ និងប្រពន្ធជនរងគ្រោះក៏នាំគ្នាយកជនរងគ្រោះ មកមណ្ឌលសុខភាពឃុំសំបួរមាស ដើម្បីធ្វើការសង្គ្រោះបន្ទាន់(ដេរបួនថ្នេរ)។

ចំណែកជនសង្ស័យវិញ ត្រូវសមត្ថកិច្ចយើង និងកម្លាំងប្រជាការពារចាប់បញ្ជូនមកប៉ុស្ដិ៍ ដើម្បីធ្វើការសាកសួរ តែជនសង្ស័យ ស្រវឹងពេកមិនអាចដំណើរការសាកសួរបាន (ទុកនៅប៉ុស្ដិ៍)រងចាំធ្វើការសាកសួរ និងរាយការបន្ត៕

មតិយោបល់